មេដឹកនាំចលនាហ៊ួទីនៅប្រទេសយេម៉ែន លោក Abdul-Malik al-Houthi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះបានត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយនៅមជ្ឈិមបូព៌ា ដោយបានព្រមានតួអង្គក្នុងតំបន់កុំឲ្យចូលរួមក្នុងការបង្កជម្លោះកាន់តែទូលំទូលាយឡើង។

ថ្លែងក្នុងសុន្ទរកថាដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ួទី លោក al-Houthi បាននិយាយថា ចលនាប្រដាប់អាវុធរបស់ខ្លួន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនលើការវិវត្តនៅក្នុងប្រទេសលីបង់ និងទឹកដីប៉ាឡេស្ទីន។

លោកបានរិះគន់សហរដ្ឋអាមេរិកថា កំពុងអនុវត្តគោលនយោបាយដែលអាចពង្រីកវិសាលភាពនៃការប្រឈមមុខដាក់គ្នាក្នុងតំបន់ និងបង្កើនអស្ថិរភាពនៅមជ្ឈិមបូព៌ា។
លោក Al-Houthi បាននិយាយថា ក្រុមហ៊ួទីកំពុងរក្សាការសម្របសម្រួលជាមួយសមាជិករបស់«អ័ក្សនៃការតស៊ូ» ហើយបានត្រៀមខ្លួនឆ្លើយតបទៅនឹងការវិវត្តថ្មីណាមួយ ដែលកើតចេញពីស្ថានភាពបច្ចុប្បន្ននេះ៕