អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការសម្លាប់អ្នករក្សាសន្តិភាពUN ម្នាក់ នៅភាគខាងត្បូងប្រទេសលីបង់ និងបានជំរុញឲ្យគ្រប់ភាគីទាំងអស់គោរពកិច្ចព្រមព្រៀងបញ្ឈប់អរិភាព ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា លោកពលបាលត្រី Milovan Jovanovic ជាអ្នករក្សាសន្តិភាពជនជាតិស៊ែរប៊ី ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅពេលដែលគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ បានវាយប្រហារលើទីតាំងរបស់UN នៅជិតស្រុក Marjayoun នៅភាគខាងត្បូងប្រទេសលីបង់។

អ្នករក្សាសន្តិភាពពីរនាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍នោះ ហើយកំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាពរបស់UNIFIL។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ។
អ្នករក្សាសន្តិភាព UNIFIL ចំនួន ៧នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអរិភាពបានកើនឡើង នៅក្នុងប្រទេសលីបង់ នៅថ្ងៃទី ០២ ខែមីនា បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់៕