ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសម្រេចបានក្នុងបរិយមាណជាង ៥៦ម៉ឺនតោន កើឡើង ៦៥,២៨% គិតជាប្រាក់ចំនួនជាង ៣២៧ កើនឡើង ២៩,៧៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈ តំបន់អឺរ៉ុប, ចិន, និងបណ្តាប្រទេសតំបន់អាស៊ាន នៅតែជាទីផ្សារចម្បងជាងគេសម្រាប់អង្ករកម្ពុជានាពេលនេះ។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន គិតជាប្រាក់ជាង ៣២៧,៤៣ លានដុល្លារអាម៉េរិក។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៣ ជុំវិញពិភពលោក។ ក្នុងនោះ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ គឺជាទីផ្សារធំលំដាប់ទី១ សម្រាប់កម្ពុជា ដែលបានទិញអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥,១២លានដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់មកប្រទេសចិន និងហុងកុង ដែលជាទីផ្សារធំលំដាប់ទី២ សម្រាប់អង្ករកម្ពុជា ដែលបានបញ្ជាទិញចំនួន ១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន ៩៤,៩២ លានដុល្លារសហរដ្ឋអាមេរិក។ បណ្តាប្រទេសក្នុងអាស៊ាន ចំនួន ៥ ក៏ជាទីផ្សារចម្បងសម្រាប់អង្ករកម្ពុជា ផងដែរ ដែលបានបញ្ជាទិញអង្ករចំនួន ២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន ៨៧,៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅចំនួន ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ល។ មានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០,០៧ លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាបាននាំចេញអង្ករក្រអូបគ្រប់ប្រភេទចំនួន ៥៩,២០% ប្រភេទអង្ករសគ្រាប់វែង ២២,២៨% អង្ករចំហ៊ុយ ១,៧២% អង្ករសរីរាង្គចំនួន ១.០៤%, អង្ករបាក់គ្រប់ប្រភេទ ១៥,៥៨% និងអង្ករផ្សេងៗចំនួន ០,១៨%%។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោន ស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៥៩១,៤១ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ធូ វិរៈ

