ស្នូកឃ័រ៖ អតីតជើងឯកស្នូកឃ័រពិភពលោក Judd Trump បានបន្តដំណើរឡើងជុំទី២ ហើយក្រោយទម្លាក់កីឡាករអ៊ីរ៉ង់ Hossein Vafaei ដែលបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍នេះ។ កីឡាករវ័យ ៣២ឆ្នាំ Judd Trump ហាក់មិនបានបង្ហាញទំរង់លេងល្អរបស់ខ្លួនឡើយនៅ ៣ហ្វ្រេមដំបូងតែក៏បាននាំមុខ ៦-៣ហ្វ្រេមក្រោយចប់ដំណាក់កាលដំបូង។

ដំណាក់កាលទី២ ជើងឯកពិភពលោកឆ្នាំ២០១៩ រូបនេះក៏បានយកឈ្នះ ៤ ក្នុង ៥ហ្វ្រេមចុងក្រោយដើម្បីយកឈ្នះក្នុងលទ្ធផលសរុប ១០-៤ហ្វ្រេម។ ជុំបន្តកីឡាករអង់គ្លេសរូបនេះនឹងជួបជាមួយកីឡាករស្កុតឡេន Anthony McGill។ ចំណែកជើង ៣សម័យ Mark Williams បាននាំមុខកីឡាករវែល Jackson Page ៧-១ហ្វ្រេមដំណាក់កាលដំបូងក្នុងការប្រកួតជុំទី២ ខណៈដំណាក់កាលទី២ បន្តថ្ងៃសុក្រនេះ កីឡាករវ័យ ៤៧ឆ្នាំ Mark Williams ត្រូវការ ៦ហ្វ្រេមទៀតដើម្បីបន្តដំណើរឡើងជុំទី៣។
ងាកមកកីឡាករថៃ Noppon Saengkham ដែលឡើងមកពីវគ្គជំរុះនោះបានឈានឡើងជុំបន្តផងដែរ ក្រោយយកឈ្នះកីឡាករប៊ែលហ្ស៊ិក Luca Brecel ១០-៥ហ្វ្រេម។ ជុំបន្តកីឡាករថៃរូបនេះនឹងជួបជាមួយជើងខ្លាំង John Higgins នៅថ្ងៃអាទិត្យនេះ៕
អត្ថបទ៖នាង សុភាវុធ