មុនពេលមានដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់កូរ៉េខាងជើង ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ខ្លួនរំពឹងថា ប្រទេសចិននឹងដើរតួនាទី «ស្ថាបនា» ក្នុងការដោះស្រាយបញ្ហា ទាក់ទងនឹងឧបទ្វីបកូរ៉េ។
នៅព្រឹកថ្ងៃសុក្រនេះ កូរ៉េខាងជើង និងចិន បានប្រកាសថា លោក Xi នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង ដោយចាប់ផ្តើមនៅថ្ងៃចន្ទ តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនង រវាងកូរ៉េខាងជើង និងចិន នឹងកើតឡើងតាមរបៀបដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ហើយរំពឹងថា ប្រទេសចិននឹងដើរតួនាទីប្រកបដោយការស្ថាបនា ក្នុងការជួយដោះស្រាយបញ្ហា ទាក់ទងនឹងឧបទ្វីបកូរ៉េ»។
ក្រសួងបានបន្ថែមថា៖ «យើងកំពុងរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីចិន តាមរយៈបណ្តាញការទូត ជុំវិញបញ្ហាទាក់ទងនឹងឧបទ្វីបកូរ៉េ»៕

