ក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានជួបជាមួយសមភាគីអ៊ីរ៉ង់ លោក Eskandar Momeni នៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់មួយ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយភាគីទាំងពីរពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការកើនឡើងភាពតានតឹងថ្មី ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់

កិច្ចប្រជុំនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប៉ាគីស្ថានបានថ្កោលទោសចំពោះការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់លើប្រទេសកូវ៉ែត និងបារ៉ែន ដោយព្រមានថា អរិភាពដែលបានបន្តកំពុងបំផ្លាញ កិច្ចខិតខំប្រឹងប្រែងការទូត ដែលមានគោលបំណងដោះស្រាយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
លោក Naqvi និងលោក Momeni បានជួបគ្នា នៅទីក្រុង Bishkek ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលទទួលខុសត្រូវលើកិច្ចការផ្ទៃក្នុង និងសន្តិសុខសាធារណៈ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖«រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធ លោក Mohsin Naqvi បានរៀបចំជំនួបដ៏សំខាន់មួយជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni»៕
