នគរបាលប្រឆាំងកុបកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ខំឲ្យក្រុមបាតុករចេញពីបរិវេណខាងក្រៅមណ្ឌលបោះឆ្នោតមួយ ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីបានតវ៉ាដោយការបិទទីនោះរយៈពេល ៣៥ម៉ោង ជាអ្វីដែលបង្កឡើងដោយការខ្វះខាតសន្លឹកឆ្នោត។
យោងតាមសារព័ត៌មាន Yonhap បានឲ្យដឹងថា បាតុករជាង ១.០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងសង្កាត់ Jamsil 7-dong នៅទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) ដោយអ្នកខ្លះកាន់បដាដែលសរសេរថា «បញ្ឈប់ការរាប់សន្លឹកឆ្នោត!» និង «ប្រកាសលទ្ធផលនៃការបោះឆ្នោតជាមោឃភាព!» ខណៈពេលដែលពួកគេបានព្យាយាមរារាំងមិនឲ្យយកធុងសន្លឹកឆ្នោតយ៉ាងហោចណាស់ចំនួន ២ ចេញពីទីនោះ។

យោងតាមទូរទស្សន៍រដ្ឋ KBS បានឲ្យដឹងថា បុគ្គលិកបោះឆ្នោត ក៏ត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងមណ្ឌលបោះឆ្នោត រហូតដល់ព្រឹកថ្ងៃទី៥ ខែមិថុនានេះផងដែរ។ ក្នុងវីដេអូផ្សាយផ្ទាល់នៅថ្ងៃទី៥ ខែមិថុនានេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នគរបាលអាចត្រូវបានគេមើលឃើញបង្ខំឲ្យអ្នកតវ៉ាចេញពីទីនោះ ខណៈដែលពួកគេកំពុងបិទច្រកចូលទៅកាន់មណ្ឌលបោះឆ្នោតនោះ ហើយស្រែក និងព្យាយាមទប់ទល់នឹងការចាប់ខ្លួន។
បុរសម្នាក់អាចត្រូវបានគេឮសំឡេង ដែលនិយាយថា៖ «តើនេះពិតជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋមែនទេ?» ខណៈដែលមន្ត្រីបានបញ្ជាឲ្យបាតុករបើកផ្លូវ។ អាជ្ញាធរបានប្រាប់សារព័ត៌មាន AFP ថា ប្រអប់ទាំងនោះ ដែលមានសន្លឹកឆ្នោតប្រហែល ២.០០០សន្លឹក ឥឡូវនេះត្រូវបានធានាសុវត្ថិភាព និងដឹកជញ្ជូនទៅកាន់មណ្ឌលរាប់សន្លឹកឆ្នោត។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត (NEC) ត្រូវបានជំរុញឲ្យចេញការសូមអភ័យទោស បន្ទាប់ពីការិយាល័យបោះឆ្នោតចំនួន ១៤ នៅទីក្រុងសេអ៊ូល បានអស់សន្លឹកឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ជាកំហុសឆ្គងមិនធ្លាប់មានពីមុន ដែលត្រូវបានស្តីបន្ទោសថា ជាការធ្វេសប្រហែសរបស់ស្ថាប័ន ក្នុងការព្យាករចំនួនអ្នកបោះឆ្នោត។ ការិយាល័យមួយចំនួន នៅតែបើករហូតដល់ម៉ោង ១០យប់ ដើម្បីអនុញ្ញាតឲ្យអ្នកបោះឆ្នោត អំឡុងការបោះឆ្នោតមូលដ្ឋានដែលគណបក្សកំពុងកាន់អំណាចរបស់លោក Lee Jae Myung បានឈ្នះក្នុងសំឡេងដ៏លើសលប់ តែបរាជ័យក្នុងតំណែងអភិបាលក្រុងសេអ៊ូល៕


