ព្រះសីហនុ៖ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ និងធ្វើទស្សកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញ។
លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបូរី មានប្រសាសន៍កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ពិសេសអគារទាំងឡាយខ្ពស់ៗ និងផ្លូវស្អាត។ ទន្ទឹមនឹងនោះ លោកជំទាវក៏ចង់ ឃើញការអភិវឌ្ឍថ្មីៗបន្ថែមទៀត ដូចជាកំពង់ផែ ផ្លូវល្បឿនលឿន ។ល។ និងគម្រោងជាច្រើនផ្សេងទៀត ធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងទំនើប (Smart City) គួរឱ្យចង់រស់នៅ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាខេត្តប៉ូលសេដ្ឋកិច្ចគំរូពហុបំណងតែមួយគត់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាប៉ូល សេដ្ឋកិច្ចពិសេសគំរូពហុបំណង តំបន់ឧស្សាហ៍កម្មពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានសក្តានុពលធនធានធម្មជាតិសម្បូរបែប។ ខេត្ដមានផ្លូវគមនាគមន៍ច្រើន ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ។ ពិសេសកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកជញ្ជូនផ្ទេរទំនិញគ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសទូទាំងពិភពលោក។
ឯកឧត្ដម បានបន្តថា ខេត្តត្រូវបានរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ព្រះសីហនុ ៣៧ខ្សែ រួមទាំងប្រព័ន្ធលូ ស្ដារអូរប្រឡាយ និងកសាងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ ៣ទីតាំង ដើម្បីចម្រោះ ទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ កាត់បន្ថយការបំពុលបរិស្ថាន។ ខេត្តមានជនជាតិសិង្ហបុរី បានមកធ្វើការវិនិយោគ លើផ្នែកអចលនទ្រព្យ និងទេសចរណ៍ និងស្នើសុំឱ្យលោកជំទាវ ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ពលរដ្ឋសិង្ហបុរី ពិសេសជំរុញអ្នកវិនិយោគប្រទេសសិង្ហបុរី មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ គង់ ប៊ុនថា