រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចេញសេចក្តីថ្លែងការណ៍មួយដែលទំនងជាចាត់ទុកបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសបូលីវីថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងប្រធានាធិបតីនិយមស្តំារបស់ប្រទេសមួយនេះ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គមថា ស្ថាប័នយោធាសហរដ្ឋអាមេរិក សូមធ្វើការច្រានចោលការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ប្រធានាធិបតីបូលីវីលោក Rodrigo Paz ។
លោកបានលើកឡើងថា ក្រុមបាតុករដែលភាគច្រើននៃពួកគេគឺជាគ្រូបង្រៀន កម្មកររ៉ែ កសិករ និងកម្មករសហជីពនោះ ស្ថិតក្នុងក្រុមសម្ព័ន្ធជាមួយភេរវករជួញដូរគ្រឿងញៀន ។
លោក Hegseth បានសរសេរទៀតថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើល ហើយបូលីវី មិនត្រូវបណ្តោយខ្លួនឯងឲ្យក្លាយជាជនរងគ្រោះនៃការត្រួតត្រារបស់ក្រុមភេវរករគ្រឿងញៀនក្នុងតំបន់នោះឡើយ ។
សូមបញ្ជាក់ថា ភាពវឹកវរបានធ្វើឲ្យប្រទេសបូលីវីរង្គោះរង្គើរយៈពេលជាងមួយខែមកហើយ។ ជម្លោះ បានចាប់ផ្តើមជាមួយកូដកម្មរបស់កម្មករកាលពីខែឧសភា ដែលបានកើនឡើងទៅជាការបិទផ្លូវហាយវ៉េ កាត់ផ្តាច់ការធ្វើដំណើរការចូលទៅក្នុងទីក្រុង La Paz និងទីក្រុង El Alto ។
ក្រុមអ្នកតវ៉ា រួមទាំងសហជីពកម្មករ និងក្រុមដែលស្មោះត្រង់ទៅនឹងអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales កំពុងទាមទារឲ្យរដ្ឋាភិបាលលោក Paz ដកចេញវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយក្នុងជីវភាពរស់នៅ ៕