កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel រួមជាមួយនឹងបុគ្គល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ។
ទណ្ឌកម្មដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍លើគេហទំព័ររបស់រតនាគារសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនសម្ពាធលើថ្នាក់ដឹកនាំគុយបា ។
ទណ្ឌកម្មទាំងនេះ ក៏បានកំណត់គោលដៅលើបុគ្គល ៤នាក់ផ្សេងទៀត និងអង្គភាពចំនួន ៥ ផងដែរ ក្នុងនោះរួមទាំងភរិយារបស់លោក Diaz-Canel គឺលោកស្រី Lis Cuesta Peraza សមាជិក ២នាក់នៃគ្រួសារ Castro និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ។
រដ្ឋាភិបាលគុយបាមិនបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញទណ្ឌកម្មនេះ ។
កាលពីឆ្នាំ២០១៨ លោក Diaz-Canel វ័យ ៦៦ឆ្នាំ បានក្លាយជាប្រធានាធិបតីនៅប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ ចាប់តាំងពីឡើងកាន់តំណែងជំនួសលោក Raul Castro ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំគុយបា លោក Fidel Castro ។
ទីក្រុងវ៉ាស៊ីនតោន បានអះអាងថា របបកុម្មុយនិស្តគុយបា គំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិក ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមប្រើកម្លាំងយោធា ប្រឆាំងនឹងប្រទេសកោះមួយនេះ ចាប់តាំងពីផ្តួលរំលំប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduroកាលពីខែមករាកន្លងទៅ ស្របពេលដែលរូបលោកបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរុញច្រានរដ្ឋាភិបាលឆ្វេងនិយមមួយនេះ ចេញពីទ្វីបអាមេរិក ដោយលោកទទួចថា វាសំខាន់ចាំបាច់សម្រាប់ផលប្រយោជន៍សហរដ្ឋអាមេរិក ៕