ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និយាយថា លោកនឹងបញ្ជូនប្រេសិតទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅទ្វីបអាហ្វ្រិក និងនៅជុំវិញពិភពលោក ក្រោយការវាយប្រហាររើសអើងជនបរទេសមានគោលដៅលើជនអន្តោប្រវេសន៍មកពីទូទាំងទ្វីប ។
លោក Ramaphosa បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីកេនយ៉ាលោក William Ruto នៅទីក្រុង Pretoria ។
លោកនិយាយថា នឹងមានប្រេសិត ពួកយើងនឹងបញ្ជូនពួកគេ មិនត្រឹមត្រូវតែនៅក្នុងទ្វីបរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែនៅតាមទ្វីបជុំវិញពិភពលោកផងដែរ ។
លោកបន្តថា គោលបំណងសំខាន់ គឺជំរុញវិធីសាស្រ្តសម្របសម្រួលបញ្ហាអន្តោប្រវេសន៍ ហើយរូបលោកបានអំពាវនាវឲ្យប្រទេសទាំងអស់ ត្រូវធ្វើការរួមគ្នា ដើម្បីលើកឡើងពីបញ្ហាប្រឈមមួយនេះ ឲ្យកាន់តែមានប្រសិទ្ធិភាព ។
លោក Ramaphosa បានបញ្ជាក់ទៀតថា បញ្ហាអន្តោប្រវេសន៍ ត្រូវបានពិភាក្សា អំឡុងកិច្ចប្រជុំរបស់លោកជាមួយលោក Ruto ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា អាហ្វ្រិកខាងត្បូង បានចាត់វិធានការ ដើម្បីលើកឡើងពីអំពើហិង្សាកាលពីពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូង បានមើលឃើញរលកនៃការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ ហើយការតវ៉ានេះ បានប្រែក្លាយទៅជាអំពើហិង្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រទេសម៉ូសំប៊ិកបាននិយាយថា ពលរដ្ឋ ៥ នាក់របស់ខ្លួន ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ រើសអើងជនបរទេស នៅក្នុងទីក្រុង Mossel Bay កាលពីចុងសប្តាហ៍មុន ៕