លោក John Delury គឺជាអ្នកវិភាគជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថាន Asia Society និយាយថា លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ដើម្បីបង្ហាញថា កូរ៉េខាងជើងគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងមានមិត្តកំពូលដូចជាចិន ។
គួរឲ្យដឹងថា លោក Xi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃទី ៨ និង ៩ ខែមិថុនាខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកក្នុងឆ្នាំ ២០២៦នេះ ហើយនិងជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលជិត ៧ឆ្នាំ ទៅកាន់ទីក្រុងព្យុងយ៉ាង ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា តបតាមការអញ្ជើញរបស់លោក Kim Jong Un លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា សប្ដាហ៍ក្រោយ ។
ដំណើរទស្សនកិច្ចនេះដែរ កើតឡើងភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំរបស់លោកនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែឧសភា ។
ទីក្រុងប៉េកាំង បានធ្វើការ ដើម្បីអូសទាញទីក្រុងព្យុងយ៉ាងឲ្យវិលត្រឡប់មកវិញ ក្រោយការរីករាលដាលឆ្លងជំងឺ COVID-19 បានបង្កកការផ្លាស់ប្តូររបស់ពួកគេ ហើយលោក Kim បានពង្រឹងទំនាក់ទំនងផងដែរជាមួយទីក្រុងមូស្គូ តាមរយៈការបញ្ជូនអាវុធ និងទាហាន ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ៕
