
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា បានច្រានចោលជំនួបជាមួយសមភាគីអ៊ុយក្រែនរបស់លោកក្នុងពេលណាមួយឆាប់ៗ មួយថ្ងៃបន្ទាប់ពីលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការអង្គុយចរចារវាងមេដឹកនាំទាំងពីរដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនឆ្នាំមកនេះ។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចក្នុងទីក្រុង Saint Petersburg លោក Putin បាននិយាយថា លោកមើលឃើញថាគ្មានចំណុចណាមួយដើម្បីជួបជាមួយលោក Zelenskyy ទេ រហូតដល់លក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានត្រូវបានព្រមព្រៀង ដែលបណ្តាលឲ្យទីក្រុងគីវនិយាយថា មេដឹកនាំរុស្ស៊ី «ខ្សោយ» និង «កំពុងជ្រើសរើសសង្គ្រាមជាថ្មីម្តងទៀត»។

លោកPutin ក៏បានប្តេជ្ញាថានឹងបន្តការវាយលុកដោយយោធារបស់រុស្ស៊ីរហូតដល់គោលដៅសង្គ្រាមរបស់ខ្លួនបានសម្រេចពេញលេញ។ រុស្ស៊ី បានទាមទារការគ្រប់គ្រងតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន ព្រមទាំងការរឹតត្បិតនយោបាយ និងយោធាដ៏ទូលំទូលាយលើតំបន់ជិតខាងនោះ។ ទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានច្រានចោលការចរចាទាំងនោះថា ស្មើនឹងការចុះចាញ់។
ការចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានបរាជ័យក្នុងការនាំយកភាគីទាំងពីរឱ្យខិតជិតដល់កិច្ចព្រមព្រៀងមួយ។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោក Zelenskyy បានចេញសេចក្តីអំពាវនាវដោយផ្ទាល់ដ៏កម្រមួយទៅកាន់មេដឹកនាំរុស្ស៊ីថា «អ៊ុយក្រែន ស្នើឱ្យបញ្ចប់សង្គ្រាមនេះ តាមរយៈការចូលរួមដោយផ្ទាល់រវាងយើង និងអ្នក។ ខ្ញុំសូមស្នើឱ្យមានជំនួបមួយ»។ លោកនិយាយថា «ខ្ញុំស្នើឱ្យកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ជំនួបបែបនេះ»។ ប៉ុន្តែ លោក Putin បានច្រានចោល កាលពីថ្ងៃសុក្រ។