អ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះក្រុមហេសបូឡាជាសម្ព័ន្ធមិត្តនៅលីបង់របស់ខ្លួន ហើយបានទាមទារឱ្យអ៊ីស្រាអែល ដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ ដោយបង្ហាញពីផលវិបាកដែលកំពុងប្រឈមទៅនឹងកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
អ៊ីរ៉ង់ បានបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយសង្គ្រាមក្នុងតំបន់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងខែទីបួន និងចាប់ផ្តើមឡើងវិញការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ។
ការប្រយុទ្ធគ្នាជុំចុងក្រោយរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែមីនា ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់។ ក្រុមហេសបូឡា បាននិយាយថា សកម្មភាពរបស់ខ្លួន គឺគាំទ្រដល់ទីក្រុងតេអេរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់ទូរទស្សន៍លីបង់ Al Mayadeen កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «សង្គ្រាម នឹងបញ្ចប់លុះត្រាតែវាបញ្ចប់នៅក្នុងប្រទេសលីបង់ ផងដែរ»។
លោកនិយាយថា «ការបញ្ចប់សង្គ្រាមលើប្រទេសលីបង់ ត្រូវតែអមដោយការដកកងកម្លាំងអ៊ីស្រាអែលចេញពីទឹកដីដែលពួកគេបានកាន់កាប់»។
អ៊ីស្រាអែល បានបន្តវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ និងបាននិយាយថាកងកម្លាំងរបស់ខ្លួននឹងមិនដកកងទ័ព ឬបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះឡើយ។ លោក Mohsen Rezaei ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ក្រុមហេសបូឡា «បានធ្វើការលះបង់យ៉ាងធំធេងនៅក្នុងសង្គ្រាមថ្មីៗនេះ ហើយក្រុមនេះគឺជាសម្ព័ន្ធមិត្តរបស់យើង។ ដូច្នេះ យើងគាំទ្រក្រុមហេសបូឡា និងនៅតែប្តេជ្ញាយ៉ាងមុតមាំចំពោះកាតព្វកិច្ចរបស់យើងចំពោះក្រុមនេះ»។