ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) កាលពីថ្ងៃសុក្របានបង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់ប្រទេសលីបង់ដល់ជិត ៦,៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ បណ្តាលមកពីជម្លោះក្នុងតំបន់ដែលអូសបន្លាយពេល។ កាលពីខែមីនា ឆ្នាំនេះ អង្គការសហប្រជាជាតិ បានអំពាវនាវរកជំនួយចំនួន៣០៨លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតបមនុស្សធម៌ដឹកនាំដោយរដ្ឋាភិបាលលីបង់ ប៉ុន្តែមានតែ១៨៥លានដុល្លារអាមេរិកប៉ុណ្ណោះដែលប្រមូលបានកាលពីចុងខែឧសភា។
អង្គការ OCHA បាននិយាយថា បន្ថែមលើការសម្រេចបាននូវគោលដៅរៃអង្គាសមូលនិធិដំបូងចំនួន ៣០៨លានដុល្លារអាមេរិក ត្រូវការជំនួយបន្ថែមចំនួន៣៣១លានដុល្លារអាមេរិកទៀត ដើម្បីគ្របដណ្តប់លើប្រជាជនប្រហែល១,៤លាននាក់នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ។ លោក Imran Riza អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា «ថ្ងៃនេះ យើងអំពាវនាវរកមូលនិធិបន្ថែមចំនួន ៣៣១,៥ លានដុល្លារ ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតសម្រាប់មនុស្ស ១,៤ លាននាក់ ដែលនាំឱ្យសំណើសរុបរបស់យើងសម្រាប់ការអំពាវនាវភ្លាមៗរហូតដល់ខែសីហា ឆ្នាំនេះកើនឡើងដល់ ៦៣៩,៩ លានដុល្លារ» ។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីអំពាវនាវរកជំនួយរបស់ខ្លួនថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសលីបង់ធ្ងន់ធ្ងរ និងកាន់តែយ៉ាប់យ៉ឺន ដោយសារតែជម្លោះនៅបន្ត បានធ្វើឱ្យមនុស្សជិត ១ លាននាក់ជម្លៀសខ្លួន ហើយបុគ្គលិកសុខាភិបាល និងអ្នកឆ្លើយតបបន្ទាន់កំពុង «ប្រឈមទៅនឹងការស្លាប់ និងរងរបួសក្នុងទ្រង់ទ្រាយគួរឱ្យព្រួយបារម្ភ»។