សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន មិនពិត ពាក់ព័ន្ធនឹងត្បូងទទឹម និងត្បូងកណ្ដៀងរបស់កម្ពុជា ដែលជាហេតុធ្វើឲ្យសាធារណជនមានការយល់ច្រលំជាត្បូងក្លែងក្លាយ។
សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (ព.អ.ត.ក) បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនដល់ សមាជិក-សមាជិការបស់សមាគម និងពាណិជ្ជករ អាជីវករ ព្រមទាំងអតិថិជននិយមប្រើប្រាស់ត្បូង ជាពិសេសត្បូងទទឹម និងត្បូង កណ្តៀងនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងត្បូងទទឹម និងត្បូងកណ្ដៀងរបស់កម្ពុជា ថាជាត្បូងក្លែងក្លាយ។
បញ្ហានេះសមាគមពាណិជ្ជករគឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ក៏បានអញ្ជើញបុគ្គលដែលពាក់ព័ន្ធមកសួរនាំ និងបំភ្លឺ បញ្ជាក់រួចរាល់នូវអ្វីដែលបានបកស្រាយជាព័ត៌មានមិនពិត ដើម្បីកុំឲ្យមានការភាន់ច្រលំ និងមានចម្ងល់អំពីវិញ្ញាបនបត្រត្បូងដែល កំពុងកាន់កាប់។ ប្រសិនមានករណីកើតឡើង សមាគមសូមឱ្យសមាជិក-សមាជិការបស់សមាគម និងពាណិជ្ជករ អាជីវករ ព្រមទាំង អតិថិជននិយមប្រើប្រាស់ត្បូង ជាពិសេសត្បូងទទឹម និងត្បូងកណ្ដៀងនៃព្រះរាជាណាចក្រកម្ពុជា អាចទាក់ទងទៅកាន់សមាគម ពាណិជ្ជករគឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា តាមរយៈទូរសព្ទលេខ៖ ០៩៩/០៨៧ ៩០៩ ៣៩៩ ឬតាម Telegram, WhatsApp, Wechat ដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងៗ។
សមាគមក៏សូមឱ្យអ្នកពាក់ព័ន្ធ ដែលមិនទាន់បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ អាចចុះបញ្ជីនៅសមាគម ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ មិនថាត្បូងទទឹម និងត្បូងកណ្ដៀង ឬត្បូងដែលបាននាំចូលឡើយ ដើម្បីទទួលបានការសម្របសម្រួលផ្សេងៗ ជាក់ស្តែងដូច ក្នុងករណីដែលមានការភាន់ច្រលំដូចខាងលើនេះជាដើម៕

