ភ្នំពេញ៖ ផ្អែកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី ៣ និងដូសទី ៤ ឲ្យបានលឿនរហ័សជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បើទោះជាស្ថិតនៅកន្លែងណាក៏ដោយក្រុមគ្រូពេទ្យត្រូវបន្តការងារចាក់វ៉ាក់សាំងដូសជំរុញនេះក្រោយពេលដែលប្រជាពលរដ្ឋខ្មែរយើងបានចូលរួមបុណ្យចូលឆ្នាំខ្មែរ ។
ក្រុមគ្រូពេទ្យ និងក្រុមជំនួយការសុខាភិបាលកងទ័ពជើងអាកាសចំនួន ១៤៤ នាក់ចែកចេញជា ៦ក្រុម បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះដែលផ្តើមចេញកាលពីថ្ងៃទី ២០ មេសា ឆ្នាំ២០២២ ។ នាវេលាព្រឹកថ្ងៃទី ២២ មេសា ឆ្នាំ ២០២២ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានចុះពិនិត្យដំណើរកា រ ចាក់ វ៉ាក់ សាំងបង្ការជម្ងឺកូវីដ ១៩ ដូសទី ៣ និងដូសទី ៤ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងខណ្ឌដង្កោ ហើយរហូតមកដល់ថ្ងៃនេះមានប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ចំនួន ១.៤៤០ នាក់ហើយដែលបានមកទទួលចាក់វ៉ាក់សាំងដូសជម្រុញទី ៣ និងទី ៤ ដោយប្រើវ៉ាក់សាំងប្រភេទ AstraZeneca ។





