កណ្ដាល ៖ អ្នកភូមិរស់នៅតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីតំបន់ជ្រៃធំ ស្រុកកោះធំ រហូតដល់ស្រុកស្អាង និងក្រុងតាខ្មៅ បានបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ ដោយអាជ្ញាធរភូមិបានចុះបាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅតំបន់ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ២១ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែមីនានេះ ថា ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ នៅក្នុងតំបន់ជ្រៃធំមក បានធ្វើឲ្យធ្វើដំណើរតាមផ្លូវជាតិលេខ២១ ស្ងប់ស្ងាត់ជាងមុន ការលក់ដូររបស់ពលរដ្ឋក៏ថមថយ ទីតាំងលក់ដូរទំនិញខ្លះមានចងខ្សែបាំងរក្សាគន្លាត កាត់បន្ថយការធ្វើដំណើរឡើងមកភ្នំពេញ ប្រសិនបើមិនមានការចាំបាច់ ចំណែកអាជ្ញាធរមូលដ្ឋាន បានចែកទឹកថ្នាំសម្លាប់មេរោគឲ្យមេភូមិ និងប្រជាការពារភូមិចុះបាញ់តាមនៅតាមដងផ្លូវ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។
តាមការបញ្ជាក់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងមូលដ្ឋាន នៅពេលនេះ អាជ្ញាធរ បានសម្រេចបិទកាស៊ីណូចំនួន៦ទីតាំង បណ្តោះអាសន្ន ដោយយកអាគារកាស៊ីណូទាំងអស់នោះ ធ្វើជាទីតាំងចត្តាឡីស័ក ទៅលើបុគ្គលិក និងអ្នកពាក់ព័ន្ធចូលក្នុងកាស៊ីណូនោះ ។ ដោយឡែកសម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទនៅក្នុងតំបន់ជ្រៃធំនោះ ត្រូវបានអាជ្ញាធរស្នើឲ្យបិទបណ្តោះអាសន្ន សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរនៅក្នុងតំបន់នោះ គឺអនុញ្ញាតឲ្យធ្វើដំណើរធម្មតា តែហាមជនបរទេសធ្វើដំណើរបណ្តោះអាសន្នសិន។
ទោះយ៉ាងណា ក្នុងអំឡុងពេលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានក្រើនរំលឹកប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើមិនមានការចាំបាច់សូមកុំចេញក្រៅផ្ទះ ហើយបើចេញក្រៅផ្ទះសូមអនុវត្តវិធានការ បីការពារ បីកុំ ឲ្យបានខ្ជាប់ខ្ជួន ៕
អត្ថបទ ស៊ុម សុខជា