មណ្ឌលគិរី៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសានេះ បានឱ្យដឹងថា បច្ចុប្បន្នដំណើការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿន បន្ទាប់ពីក្រុមគ្រូពេទ្យ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែនតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងមន្រ្តីពាក់ព័ន្ឋមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បានបន្តអញ្ចើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងកូវីដ នៅមណ្ឌលសុខភាពអូអាម ស្ថិតនៅខេត្តមណ្ឌលគិរី។
លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿនគួរអោយកត់សំគាល់ បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តីសាយ ឈុំ និងក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិជាដើមនោះ បានស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ និងទីប្រជុំជន ដែលប្រជាពលរដ្ឋរស់នៅ។ លើសពីនេះ លោកជំទាវវេជ្ជបណ្ឌិត បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋមិនទាន់ចាក់វ់ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ ជាពិសេសដូសជំរុញ ដើម្បីបង្កើនអង់ទីគ័រក្នុងសារពាង្គកាយ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ។
ការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាយុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាបើកដំណើរសេដ្ឋកិច្ចធម្មតា ជាមួយជំងឺកូវីដ។
គិតត្រឹមថ្ងៃទី២៣ខែមេសានេះ ប្រទេសកម្ពុជារកវ៉ាក់សាំងកូវីដបានជិត៥០លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ទី៤។ អត្ថបទ៖ទូច សោភ័ណ






