(ព្រះវិហារ)៖ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងលើកឡើងថា៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។
ការថ្លែងលើកឡើងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំធ្មា ចំនួន២៤៩នាក់ និងឃុំច្រាច់ ចំនួន១៦៣ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមការងារគណបក្សខេត្ត ស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោក គីម រិទ្ធី បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅទូទាំងស្រុកជ័យសែនផងដែរ។
លោក គីម រិទ្ធី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះសមាជិកថ្មីដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយលោកចាត់ទុកថា នេះគឺជាការបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្ស ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោក គីម រិទ្ធី ក៏បានថ្លែងគូសបញ្ជាក់ពីកត្តាសុខសន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយសុខសន្តិភាពនេះត្រូវតែបន្តថែរក្សាឱ្យបានគង់វង្ស ដើម្បីធានាបាននូវការអភិវឌ្ឍ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់សមាជិកថ្មីទាំងអស់ ឱ្យបន្តចូលរួមសកម្មភាពសង្គម និងការងារមនុស្សធម៌នៅមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយពីសមិទ្ធផល និងគោលនយោបាយរបស់គណបក្សទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។«សមាជិកគណបក្សគ្រប់រូប ត្រូវបន្តរួមសាមគ្គីគ្នា បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្សឱ្យកាន់តែរឹងមាំ»៕
នៅក្នុងពិធីនេះផងដែរ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទើបបញ្ចូលថ្មីទាំងអស់ បានថ្លែងប្តេជ្ញាចិត្តនឹងគោរពលក្ខន្តិកៈគណបក្ស និងចូលរួមអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕


















