កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែង បែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន ។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៣៣៨នាក់ នៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនមែនជាគណបក្សដែលល្អឥតខ្ចោះនោះទេ តែក៏គ្មានគណបក្សណា អាចជំនួសគណបក្សប្រជាជនកម្ពុជា បាននោះដែរ ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចផ្តល់ក្តីសង្ឃឹម ពឹងពាក់បាននិងនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ក្នុងនេះសមាជិកបក្សគ្រប់រូបដែលជាគ្រឿងបង្គុំ នៃអង្គការចាត់តាំងពីលើដល់ក្រោម និងជាកម្លាំងប្រតិបត្តិករនៃកម្មវិធីនយោបាយរបស់គណបក្ស និងដើរតួរជាកម្លាំងប្រតិបត្តិករដ៏សំខាន់ ក្នុងការធានាបាននូវការគោរពបុព្វហេតុដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃបេសកកម្ម ក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំដល់យុវជន គណបក្សប្រជាជនកម្ពុជាទាំងអស់ គប្បីត្រូវខិតខំបន្តក្តាប់ជាប់សភាពការណ៍ ជាពិសេសបញ្ហាសតិអារម្មណ៍របស់សកម្មជនបក្ស និងសមាជិកបក្ស ក៏ដូចជាមហាជនទាំងមូល ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងដើម្បីពន្យល់បកស្រាយអំពីគុណសម្បត្តិ របស់បក្សជូនពួកគាត់ឱ្យបានយល់កាន់តែច្បាស់ និងមានលំនឹងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ។
មួយវិញទៀត ក៏ត្រូវយកចិត្តទុកដាក់ផងដែរ លើការបណ្តុះបណ្តាលសកម្មជនយុវជនបក្សក្នុងរចនាសម្ព័ន្ធបក្ស ក៏ដូចជាសមាជិកថ្មីដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពជាមួយគណបក្សឱ្យបានយល់កាន់តែច្បាស់អំពីប្រវត្តិ បុព្វហេតុ កម្មវិធីនយោបាយ ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា សំដៅបង្កើនភាពកក់ក្តៅ ជំនឿទុកចិត្ត និងការពេញចិត្តក្នុងការរស់នៅក្រោមម្លប់នៃសុខសន្តិភាព ។
ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី បានរំឭកផងដែរថា អត្រានៃចំនួនអ្នកបានទៅបោះឆ្នោតក្នុងឆ្នាំ២០២៣កន្លងទៅ ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវការគាំទ្រនៃដំណើរការលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក៏ដូចជាការជ្រើសរើសយកឱកាស នៃសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ជាពិសេស ការយល់ច្បាស់អំពីតួនាទី ក្នុងនាមជាពលរដ្ឋល្អ ដែលត្រូវអនុវត្តសិទ្ធិនយោបាយ ក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត និងជឿជាក់ ជាពិសេសជំនឿទុកចិត្តលើ សម្តេចតេជោ សម្តេចធិបតី ប្រធានគណបក្ស ថ្នាក់ដឹកនាំបក្សនិងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបន្តថែរក្សាការពារឱកាសគ្រប់បែបយ៉ាងក្រោមដំបូលនៃសន្តិភាព ៕ អត្ថបទ បាន សុខរិទ្ធិ













