មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ )បាននិយាយថា ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័របានវាយប្រហារកោះ មីនដាណាវ (Mindanao) នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ៨មិថុនានេះ។

មជ្ឈមណ្ឌលនេះនិយាយថា ការរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ ១០ គីឡូម៉ែត្រ។ ទីភ្នាក់ងារភូគព្ភសាស្ត្រនៃប្រទេសហ្វីលីពីន និងប្រទេសជិតខាងឥណ្ឌូនេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតធ្ងន់ធ្ងរនៅក្នុងប្រទេសទាំងពីរនោះទេ។
មុននោះបន្តិច មជ្ឈមណ្ឌលខាងលើនេះបានកំណត់ការរញ្ជួយដីនេះនៅកម្រិត ៨,២ រ៉ិចទ័រ។ ប្រព័ន្ធព្រមានអំពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិកបានចេញការគំរាមកំហែងពីការបំផ្លិចបំផ្លាញពីរលកយក្សស៊ូណាមិចំពោះការរញ្ជួយដីនេះ។

Phivolcs ដែលជាទីភ្នាក់ងារតាមដានការរញ្ជួយដីរបស់ហ្វីលីពីន និយាយថា ការរញ្ជួយដីនេះមានកម្រិត ៧ រ៉ិចទ័រ និងបានព្រមានអំពីការខូចខាត និងរលកយក្សស៊ូណាមិលើសពី ១ ម៉ែត្រ ដែលអាចបន្តរយៈពេលជាច្រើនម៉ោង។BMKG របស់ឥណ្ឌូនេស៊ីបានដាក់ការរញ្ជួយដីនៅកម្រិត ៧,៧ រ៉ិចទ័រ។
លោក Benjie Ancheta អធិការនគរបាលនៃទីក្រុង Alabel ក្នុង ខេត្ត Sarangani របស់ប្រទេសហ្វីលីពីន បាននិយាយថា អគារការិយាល័យនគរបាលមានស្នាមប្រេះមួយចំនួនភ្លាមៗបន្ទាប់ពីការរញ្ជួយដី ដែលបានកើតឡើងក្នុងអំឡុងពេលពិធីគោរពទង់ជាតិរបស់ពួកគេ។
លោក Ancheta បាននិយាយថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែមនុស្សមួយចំនួនបានដួលសន្លប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លានេះ។លោក Ancheta បានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា នេះគឺជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលពួកលោកធ្លាប់ជួបប្រទះ៕