ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ៧ មិថុនា ថា លោកនឹងប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំឱ្យវាយប្រហារតបវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារនៅជាយក្រុងបេរូត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios។

នេះគឺជាលើកដំបូងហើយដែលអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែលចាប់តាំងពីមានបទឈប់បាញ់មក។

អ៊ីរ៉ង់បាននិយាយជាយូរមកហើយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិកនឹងអាស្រ័យលើបទឈប់បាញ់ធ្វើឡើងនៅក្នុងប្រទេសលីបង់ ដែលអ៊ីស្រាអែលបានឈ្លានពានកាលពីខែមីនា ដើម្បីតាមប្រមាញ់ក្រុមយុទ្ធជនហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់រ៉ូកែត និងយានដ្រូន ឆ្លងកាត់ព្រំដែន ជាការបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់។
ប៉ុន្តែអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានចាប់ផ្តើមការវាយប្រហារនៅក្នុងតំបន់បេរូតជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាសផែនការឈប់បាញ់សម្រាប់ប្រទេសលីបង់កាលពីសប្តាហ៍មុន។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាស Ramat David ជិតទីក្រុង Nazareth របស់ប្រទេសអ៊ីស្រាអែល ភាគខាងជើង។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងនោះ៕

