ឧស្សាហកម្មអាកាសចរណ៍សកល បានកាត់បន្ថយការព្យាករប្រាក់ចំណេញឆ្នាំ ២០២៦ របស់ខ្លួនស្ទើរតែពាក់កណ្តាលកាលពីថ្ងៃអាទិត្យ ទី ៧ ខែមិថុនា ដោយលើកឡើងពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង រំខានដល់ច្រករបៀងផ្លូវអាកាសសំខាន់ៗ និងបង្ហាញពីភាពផុយស្រួយនៃវិស័យមួយដែលធ្វើប្រតិបត្តិការការលើប្រាក់ចំណេញតិចតួច។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ៣៧០ក្រុមហ៊ុន ដែលមានចំនួនប្រហែល ៨៥ ភាគរយនៃចរាចរណ៍ផ្លូវអាកាសសកល បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា បច្ចុប្បន្នសមាគមរំពឹងថាឧស្សាហកម្មនេះនឹងបង្ហាញប្រាក់ចំណេញសរុបចំនួន២៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦ ដែលទាបជាងការព្យាករកាលពីពេលមុនប្រហែល ៤១ ពាន់លានដុល្លារអាមេរិក និងបានធ្លាក់ចុះពីចំនួន ៤៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។

លោក Willie Walsh អគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ(IATA) បាននិយាយក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមនៅទីក្រុង Rio de Janeiroថា ការកាត់បន្ថយអត្រានេះ បង្ហាញពីផលប៉ះពាល់របស់ក្រុមហ៊ុនអាកាសចរណ៍ទៅនឹងវិបត្តិភូមិសាស្ត្រនយោបាយ និងការប្រែប្រួលប្រេងឥន្ធនៈ។ «មានកត្តាសំខាន់ពីរ មួយគឺការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃប្រេងឥន្ធនៈយន្តហោះ ដែលបានកើនឡើងខ្ពស់ជាងអ្វីដែលត្រូវបានគេរំពឹងទុក ហើយបន្ទាប់មក ការរំខានដល់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតំបន់ឈូងសមុទ្រ ដូច្នេះការរួមបញ្ចូលគ្នានេះ បាននាំឱ្យយើងកាត់បន្ថយការព្យាករ» ។ លោក Walsh បាននិយាយបន្ថែមថា លោករំពឹងថាក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួននឹងក្ស័យធន ឬត្រូវបានក្រុមហ៊ុនអាកាសចរណ៍ធំៗទទួលយកនៅឆ្នាំនេះនិងឆ្នាំក្រោយ ដោយសារតែតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ។ ក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់សហរដ្ឋអាមេរិក Spirit Airlines បានបិទទ្វារកាលពីខែមុន ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលរងគ្រោះដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់។