លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ថា រដ្ឋាភិបាលក្នុងតំបន់ «ពុំមានជំហរដើម្បីទាមទារសំណងនោះទេ» ដោយឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាត្រូវបានគេរាយការណ៍ថា សហរដ្ឋអាមេរិកអាចប្រើប្រាស់ទ្រព្យសកម្មរបស់អ៊ីរ៉ង់ដើម្បីសងសំណងដល់សម្ព័ន្ធមិត្តក្នុងតំបន់សម្រាប់ការខូចខាតទាក់ទងនឹងសង្គ្រាម។

លោក Gharibabadi បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X ថា ទ្រព្យសកម្មរបស់អ៊ីរ៉ង់ «ពុំមែនជាទ្រព្យសកម្មរឹបអូសក្នុងពេលសង្គ្រាមសម្រាប់ទីក្រុងវ៉ាស៊ីនតោន ឬមូលនិធិចំណាយសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួននោះទេ»។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពមួយដែលដឹងច្បាស់ពីបញ្ហាថា សហរដ្ឋអាមេរិក នឹងធ្វើឱ្យទ្រព្យសកម្មរបស់អ៊ីរ៉ង់អាចប្រើប្រាស់បានសម្រាប់សម្ព័ន្ធមិត្តឈូងសមុទ្រ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងជួសជុលការខូចខាតនៅពេលអនាគត ដែលបង្កឡើងដោយអ៊ីរ៉ង់។
ប្រភពបាននិយាយថា សហរដ្ឋអាមេរិក ក៏នឹងពិចារណាការប្រើប្រាស់ទ្រព្យសកម្មទាំងនោះដើម្បីគាំទ្រដល់ការជួសជុលសម្រាប់ការខូចខាតកន្លងមកផងដែរ ដោយនិយាយបន្ថែមថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានដឹកនាំក្រុមមួយវាយតម្លៃពីការខូចខាតដែលបានបង្កឡើងរួចហើយដោយអ៊ីរ៉ង់លើសម្ព័ន្ធមិត្តឈូងសមុទ្រ។ ក្នុងអំឡុងពេលសង្គ្រាម អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនលើប្រទេសឈូងសមុទ្រជាច្រើន ដោយនិយាយថាខ្លួនកំពុងកំណត់គោលដៅលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់នោះ។