តម្លៃប្រេងបានកើនឡើងជាង ២ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ៨មិថុនានេះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារឡើងវិញលើប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ទោះបីជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរក៏ដោយ និងការបាញ់មីស៊ីលជាថ្មីពីអ៊ីរ៉ង់លើអ៊ីស្រាអែលជាការសងសឹក ដែលធ្វើឲ្យបាត់បង់ក្តីសង្ឃឹមសម្រាប់ការបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយ និងការចាប់ផ្តើមលំហូរប្រេងឆៅឡើងវិញតាមរយៈច្រកសមុទ្រ Hormuz។

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ២,១០ ដុល្លារ ឬ ២,៣២% ដល់តម្លៃ ៩២,៦៤ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០០:១៣នាទី ម៉ោងសកល ខណៈតម្លៃប្រេងឆៅ Brent បានកើនឡើង ២,៣៣ ដុល្លារ ឬ ២,៥% ដល់ ៩៥,៤២ ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលវិបត្តិផ្គត់ផ្គង់ដែលកើតឡើងដោយតែជម្លោះនៅមជ្ឈិមបូព៌ា អង្គការ OPEC+ កាលពីថ្ងៃអាទិត្យ បានយល់ព្រមលើការបង្កើនលើកទីបួនរបស់ខ្លួននៅក្នុងទិន្នផលប្រេងក្នុងរយៈពេលបួនខែ។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តនេះនឹងមានផលប៉ះពាល់តិចតួច ដោយសារសមាជិក OPEC+ ភាគច្រើនមិនអាចសម្រេចបានគោលដៅទិន្នផលរបស់ពួកគេដោយសារតែការបិទច្រកសមុទ្រ Hormuz ឬក្នុងករណីរបស់រុស្ស៊ី ដោយការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលបានធ្វើឱ្យសមត្ថភាពផលិតកម្មរបស់ខ្លួនថយចុះ។
លោក Jorge Leon ប្រធានផ្នែកវិភាគភូមិសាស្ត្រនយោបាយរបស់ក្រុមហ៊ុន Rystad Energy បាននិយាយនៅក្នុងកំណត់ចំណាំមួយថា នៅក្នុងទីផ្សារបច្ចុប្បន្ន ផលប៉ះពាល់រូបវន្តនៃការសម្រេចចិត្តបែបនេះនឹងស្ថិតនៅជិតចំណុចសូន្យ៕
