អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានពលរដ្ឋនៅភាគខាងត្បូងអ៊ុយក្រែនឱ្យមានការប្រុងប្រយ័ត្ន ខណៈកងកម្លាំងរុស្ស៊ីអាចព្យាយាមចុះឈ្មោះពួកគេដើម្បីកាន់កាប់ និងក្លែងបន្លំដែលគេហៅថា ការធ្វើប្រជាមតិអំពីស្ថានភាពតំបន់។

លោក Zelenskyy និយាយថា លោកជំរុញឲ្យពលរដ្ឋនៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនមានតំបន់ Kherson និង Zaporizhzhia ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានដែលអ្នកផ្តល់ឲ្យពួកឈ្លានពាន។ ទន្ទឹមនឹងនេះលោក Zelenskyy បានថ្លែងអំណរគុណដល់ដៃគូរបស់អ៊ុយក្រែន សម្រាប់ការផ្តល់ជំនួយយោធាចាំបាច់ដែលនឹងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ លោក Zelenskyy និយាយថា ជាមួយនឹងអាវុធទាំងនេះអ៊ុយក្រែននឹងបង្ហាញប្រទេសរុស្ស៊ីថា ថ្ងៃដែលពួកគេនឹងត្រូវបង្ខំឱ្យចាកចេញពីអ៊ុយក្រែនជិតមកដល់ហើយ។ លោក Zelenskyy បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ផែនការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងគីវនៅសប្ដាហ៍ក្រោយ។
អ្នកការទូតមកពីបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតបានត្រឡប់ទៅកាន់ទីក្រុងគីវវិញ ចាប់តាំងពីកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់រដ្ឋធានី ហើយផ្តោតទៅលើតំបន់ភាគខាងកើតអ៊ុយក្រែន។ ប្រតិកម្មចំពោះគោលដៅថ្មីរបស់រុស្ស៊ីដែលបានរាយការណ៍ក្នុងការពង្រីកប្រតិបត្តិការយោធា ទៅកាន់ភាគខាងត្បូងអ៊ុយក្រែនឆ្ពោះទៅកាន់ប្រទេសម៉ុលដូវ៉ា លោក Zelenskyy និយាយថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានគេសន្មតថាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ពួកគេចង់ដណ្ដើមយកប្រទេសផ្សេងទៀត។ ជាមួយគ្នានេះ មន្ត្រីប្រទេសម៉ុលដូវ៉ាកំពុងឃ្លាំមើលសកម្មភាពរបស់លោក Putin ក្នុងប្រទេសអ៊ុយក្រែនយ៉ាងប្រុងប្រយ័ត្ន៕
អត្ថបទ៖ ប៊ុនថន