អ៊ុយក្រែន៖ ប្រធានសន្តិសុខអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ការប្រយុទ្ធទ្រង់ទ្រាយធំៗនៅក្នុងប្រទេសអ៊ុយក្រែនកំពុងកើតឡើងនៅតំបន់ Donbas ជាបេះដូងឧស្សាហកម្មនៅភាគខាងកើត ដោយរុស្ស៊ីកំពុងដាក់ពង្រាយទាហានកាន់តែច្រើនឡើងៗចូលមកក្នុងប្រទេសជារៀងរាល់ថ្ងៃ។

លោក Oleksiy Danilov មន្ត្រីក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីជាង ១០ម៉ឺននាក់បច្ចុប្បន្នកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងទាហានស៊ីឈ្នួលមកពីប្រទេសស៊ីរី និងលីប៊ី។ លោកនិយាយថា តំបន់ Donetsk, Luhansk និង Kharkiv គឺជាចំណុចក្តៅចម្បងនៃការប្រយុទ្ធគ្នា ហើយការប្រយុទ្ធក៏កំពុងបន្តនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Danilov និយាយថា អង្គភាពយោធារបស់រុស្ស៊ីមួយចំនួនបានចាកចេញពីទីក្រុងយុទ្ធសាស្ត្រ Mariupol ដែលត្រូវបានប្រកាសថា រំដោះដោយវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយពេលនេះកំពុងឆ្ពោះទៅភាគខាងកើតប្រទេស ដើម្បីចូលរួមក្នុងការប្រយុទ្ធនៅទីនោះ។
ខណៈទាហានអ៊ុយក្រែនជាប់នៅក្នុងរោងចក្រ Azovstal លោក Danilov បាននិយាយថា ទីក្រុងគីវអាចបញ្ជូនអាវុធទៅដល់រោងចក្រស្លដែក Azovstal ជាទីតាំងលាក់ខ្លួនរបស់កងកម្លាំងអ៊ុយក្រែននៅទីក្រុង Mariupol ដោយឧទ្ធម្ភាគចក្រនៅពេលយប់។ លោកនិយាយថា ទាហានត្រូវការគ្រាប់រំសេវ ថ្នាំពេទ្យ អាហារ ទឹកបរិភោគ ប៉ុន្តែនៅពេលដែលវីរបុរសទាំងនេះត្រូវបានសួរថា តើឧទ្ធម្ភាគចក្រគួរនាំយកអ្វីទៅខ្លះគ្រាប់រំសេវ អាហារ ឬទឹក ពួកគេបានសុំឱ្យនាំយកតែគ្រាប់រំសេវប៉ុណ្ណោះ។ លោក Danilov បានជំរុញឱ្យដៃគូប្រទេសលោកខាងលិចរបស់អ៊ុយក្រែន ពន្លឿនការបញ្ជូនសព្វាវុធមកកាន់ប្រទេសនេះ ព្រោះជាការពិតយើងមិនអាចប្រៀបធៀបជាមួយរុស្ស៊ីបានទេទាក់ទងនឹងកម្លាំង៕
អត្ថបទ៖ ប៊ុនថន