ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទូទាំងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានបង្ហាញប្រាក់ចំណេញសុទ្ធចំនួន ៦៧, ៩ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ដែលកើនឡើង ១៥,៥ភាគរយធៀបនឹងឆ្នាំមុន ដែលជំរុញដោយប្រាក់ចំណូលវិស័យថាមពល និងធនាគារកាន់តែរឹងមាំ។

កំណើននេះ ត្រូវបានដឹកនាំដោយប្រាក់ចំណេញខ្ពស់នៅក្នុងវិស័យថាមពល ជាពិសេសក្រុមហ៊ុនផលិតប្រេង Saudi Aramco រួមជាមួយនឹងការកើនឡើងនៃវិស័យធនាគារ អាហារ និងភេសជ្ជៈ និងទំនិញមូលធន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិនិយោគ Kamco Invest។

ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅប្រទេសកូវ៉ែត បាននិយាយថា ប្រាក់ចំណេញសរុប បានឈានដល់កម្រិតខ្ពស់ថ្មីប្រចាំត្រីមាស ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ ខណៈដែលប្រាក់ចំណូលនៅទូទាំងក្រុមហ៊ុនដែលបានចុះបញ្ជីនៅ GCC បានកើនឡើង ៧,៧ភាគរយ ធៀបនឹងឆ្នាំមុនដល់ ៣៥៣,៣ ពាន់លានដុល្លារ។
តួលេខរឹងមាំទាំងនេះ បង្ហាញពីភាពធន់របស់សាជីវកម្មនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ទោះបីជាជម្លោះក្នុងតំបន់ នៅតែបន្តធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍វិនិយោគិន នៅក្នុងតំបន់ក៏ ដោយ៕