ឧត្ដរមានជ័យ៖ ទេសរដ្ឋមន្រ្តី គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ ណែនាំសល់យុវជនត្រូវចូលរួមការពារសមិទ្ធផលរាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសុខសន្តិភាព។

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានជួបសំណេះសំណាល ជាមួយយុវជនគណបក្សក្នុងស្រុកអន្លង់វែង។ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល ក្លាយជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់។
ឯកឧត្តម គន់ គីម បានលើកឡើងថា សន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតចេញពីការបូជា លះបង់របស់យុវជនយើងជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ឯកឧត្តម គន់ គីម បានកោតសរសើរដល់យុវជនគណបក្សស្រុកអន្លង់វែង ដែលបានចូលរួម និងលះបង់ខ្ពស់ដើម្បីបុព្វហេតុគណបក្ស និងជាតិមាតុភូមិ និងបានជំរុញដល់សកម្មជនយុវជនទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាអ្នកបន្តវេនចូលរួមដឹកនាំគណបក្ស និងប្រទេសជាតិឱ្យកាន់តែរុងរឿង។
ឯកឧត្តម គន់ គីម បានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវ ចូលរួមជួយសកម្មភាពក្នុងមូលដ្ឋាន និងត្រូវជួយផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាឲ្យបាននូវសុខសន្តិភាពដែលមានមកដល់បច្ចុប្បន្ន៕




