មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនសប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ ដោយមានអ្នករបួសជាង ១០០នាក់។
រញ្ជួយដីនេះបានកើតឡើងនៅភាគខាងត្បូងកោះ Mindanao នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យអគារបាក់រលំ និងបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់។ ហើយអាជ្ញាធរហ្វីលីពីន បានជំរុញឲ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ផ្លាស់ទៅទីខ្ពស់បន្ទាប់ពីរញ្ជួយដីនៅឆ្នេរសមុទ្រ បានវាយប្រហារភាគខាងត្បូងនៃទីក្រុង General Santos ជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៧២០.០០០នាក់។

បើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រញ្ជួយតូចៗដ៏ខ្លាំងក្លាជាបន្តបន្ទាប់ បានធ្វើឲ្យតំបន់នេះរង្គើរយៈពេលប្រហែល ២ម៉ោងបន្ទាប់ពីមានរញ្ជួយដីលើកដំបូង ដោយខ្លាំងបំផុតមានកម្រិត ៦,៥រ៉ិចទ័រ។ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន AFP បានបង្ហាញឲ្យឃើញមជ្ឈមណ្ឌលផ្សារទំនើបមួយដែលមានភោជនីយដ្ឋានអាហាររហ័ស Jollibee បានបាក់រលំទៅជាគំនរបាក់បែកនៅក្នុងទីក្រុង General Santos។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានផ្អាកថ្នាក់រៀននៅតំបន់ដែលរងផលប៉ះពាល់នៃកោះ Mindanao ខណៈពេលដែលអំពាវនាវឲ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រជម្លៀសចេញជាបន្ទាន់។
រញ្ជួយដីនៅថ្ងៃចន្ទនេះ បានបង្កឲ្យមានការព្រមាន អំពីការជម្លៀស សម្រាប់តំបន់ឆ្នេរសមុទ្រនៃប្រទេសជិតខាង គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តែប្រទេសទាំង២ បានដកការព្រមានជាបន្តបន្ទាប់។ ចំណែកអាជ្ញាធររបស់ប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ដោយព្យាករថា រលកយក្សស៊ូណាមិ អាចនឹងវាយប្រហារតំបន់ផ្សេងៗគ្នា៕

