ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ទៅកាន់មេដឹកនាំតំបន់ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣មេសានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកទឹកជាមាស ស ដែលមិនអាចខ្វះបាន។
សម្តេច បានថ្លែងថា ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ដែលយើងត្រូវខិតខំប្រឹងប្រែងរួមគ្នាគ្រប់គ្រងឲ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគតតាមរយៈ ការបន្តជំរុញអភិវឌ្ឍន៍និងសមាហរណកម្មបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹកទាំងក្នុងប្រទេសតំបន់ និងសកលលោក។ បន្តជួយអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេសសម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។ ការជំរុញនិងលើកកម្ពស់សហគ្រាសលើផ្នែកឌីជីថលរបស់យើងដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងការប្រើប្រាស់និងគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ការបន្តលើកកម្ពស់ជីវភាពសង្គមក្នុងការប្រើប្រាស់និងគ្រប់គ្រងទឹកសំដៅធានាឲ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ។សម្តេច បញ្ជាក់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាពគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្ដែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នូវគោលដៅទី០៦ ស្ដីពីការធានាអោយបាននូវការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប។
កម្ពុជាចាត់ទុកថាទឹកជាមាសសដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ រដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារៈសំខាន់ជីវសាស្ត្រនិងផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹកសំដៅជំរុញការគ្រប់គ្រងធនធានទឹកឲ្យកាន់តែប្រសើរដើម្បីធានាឲ្យបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជានិងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រុមហ៊ុនអង្គការតំបន់និងសកល ដើម្បីពង្រឹងនិងលើកកម្ពស់អភិបាលកិច្ចនិងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងការឈានទៅសម្រេចគោលដៅទឹក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងន័យនេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់ការខិតខំប្រឹងប្រែងនិងការធ្វើសកម្មភាពរួមគ្នារបស់យើងនឹងធានាបានជោគជ័យក្នុងការសម្រេចជោគជ័យខាងលើហើយកម្ពុជាទន្ទឹងរង់ចាំលទ្ធផលប្រកបដោយផ្លែផ្កាពីកិច្ចប្រជុំលើកទី៤នេះស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងសេចក្តីប្រកាសទីក្រុងគូម៉ាម៉ូតុដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដែលធានាបានការប្រើប្រាស់ការអភិវឌ្ឍនិងការគ្រប់គ្រងទឹកប្រកបដោយចីរភាពនិងបរិយាប័ន្នសម្រាប់មនុស្សជាតិគ្រប់ជំនាន់៕