ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និយាយថា ប្រទេសរបស់លោកនឹងបង្រ្កាបក្រុមនៅពីក្រោយការវាយប្រហាររើសអើងជនបរទេស ស្របពេលបាតុកម្មប្រឆាំងអន្តោប្រវេសន៍ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រទេសមួយនេះ ។

ហ្គាណា នីហ្សេរីយ៉ា ម៉ាឡាវី និងម៉ូសំប៊ីក កំពុងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋមួយចំនួនរបស់ពួកគេដែលជាប់ខ្លួននៅក្នុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍ ដែលពេលខ្លះ បានប្រែក្លាយជាអំពើហិង្សា ។ ប្រទេសម៉ូសំប៊ីក និយាយថា ពលរដ្ឋរបស់ពួកគេ ៥នាក់ ត្រូវបានសម្លាប់ ។
លោក Ramaphosa និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ដោយពុំបញ្ជាក់ឲ្យបានច្បាស់លាស់លើវិធានការថា ពួកយើងនឹងធ្វើ ដើម្បីប្រឆាំងកម្លាំងដែលចំណេញក្តីកង្វល់របស់ប្រជាជនពួកយើងពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីទទួលបានផលប្រយោជន៍នយោបាយខ្លួនឯង ។
លោកបានព្រមានពលរដ្ឋផងដែរថា មិនត្រូវហៅមនុស្សឲ្យឈប់តាមផ្លូវ ដើម្បីទាមទារអត្តសញ្ញាណរបស់ពួកគេនោះឡើយ ហើយការអនុវត្តច្បាប់អន្តោប្រវេសន៍ គឺជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋ ។
សូមបញ្ជាក់ថា ការវាយប្រហាររើសអើងជនបរទេស បានក្លាយជាបញ្ហាច្រំដែលមួយនៅអាហ្វ្រិកខាងត្បូង ជាទីដែលជនអន្តោប្រវេសន៍ ត្រូវបានគេស្តីបន្ទោសសម្រាប់វិបត្តិសេដ្ឋកិច្ច ដូចជាអត្រាគ្មានការងារខ្ពស់ និងឧក្រិដ្ឋកម្មជាដើម ៕
