ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះថា កងទ័ពអ៊ីស្រាអែលរំពឹងថា ការប្រឈមមុខដាក់គ្នាផ្នែកយោធា ជាមួយអ៊ីរ៉ង់ នឹងបន្តរយៈពេល «ជាច្រើនថ្ងៃ» ក្នុងអំឡុងពេលមានការការវាយប្រហារគ្នាទៅវិញទៅមក រវាងប្រទេសទាំង២។
វិទ្យុកងទ័ពបានផ្សាយថា៖ «ការវាយតម្លៃពីកងទ័ពអ៊ីស្រាអែល គឺថា ការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់ នឹងបន្តរយៈពេលជាច្រើនថ្ងៃ»។ ប្រព័ន្ធផ្សព្វផ្សាយនេះបានឲ្យដឹងទៀតថា កងទ័ពបានចាប់ផ្តើមរៀបចំត្រៀម សម្រាប់ការកោះហៅកងកម្លាំងបម្រុងយ៉ាងច្រើន តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ទន្ទឹមនឹងនេះដែរ បញ្ជាការដ្ឋានរណសិរ្សមាតុភូមិអ៊ីស្រាអែល បានរឹតបន្តឹងការជួបជុំ និងការធ្វើដំណើរទូទាំងប្រទេសយ៉ាងតឹងរ៉ឹង រហូតដល់ល្ងាចថ្ងៃចន្ទ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយសាធារណៈ KAN បានឲ្យដឹងថា ការណែនាំថ្មីអនុញ្ញាតឲ្យមានការជួបជុំមនុស្សរហូតដល់ ២០០នាក់ នៅក្នុងតំបន់ហាលវាល និង ៥០០នាក់ នៅក្នុងអគារ ឬសាល ដរាបណាមនុស្សម្នាអាចទៅដល់តំបន់ការពារ ក្នុងរង្វង់រយៈពេលដែលត្រូវការ។
ប្រព័ន្ធផ្សព្វផ្សាយដដែល បានឲ្យដឹងបន្ថែមថា ការរឹតបន្តឹងនេះក៏រួមបញ្ចូលទាំងការបិទឆ្នេរមិនឲ្យសាធារណជនធ្វើដំណើរទៅផងដែរ ខណៈដែលកន្លែងធ្វើការអាចបន្តដំណើរការបាន ប្រសិនបើពួកគេអាចចូលទៅកាន់តំបន់ការពារ តាមរយៈពេលដែលត្រូវការ។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ ហើយអ៊ីរ៉ង់បាញ់មីស៊ីលទៅភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹក ដោយអ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាសជាច្រើនលើក លើអ៊ីរ៉ង់៕