ក្រុមអាជ្ញាធរនិយាយថា កងកម្លាំងសន្តិសុខសូម៉ាលី បានស្តាឡើងវិញសណ្តាប់ធ្លាប់នៅស្រុកចំនួន ២ ក្នុងទីក្រុង Mogadishu ក្រោយការប៉ះទង្គិចគ្នារវាងកម្លាំងរដ្ឋាភិបាល និងក្រុមជីវពលដែលជាសម្ព័ន្ធមិត្តរបស់ក្រុមនយោបាយប្រឆាំង ។
រថយន្តជាច្រើនគ្រឿង បានល្បាតទីក្រុង Mogadishu ស្របពេលដែលនគរបាលបង្ហាញអាវុធដែលពួកគេរករឹបអូសបានពីក្រុមប្រឆាំង ។
លោក Mahdi Omar គឺជាមេបញ្ជាការនគរបាលក្នុងតំបន់ Banadir និយាយថា ពួកយើងនឹងមិនទទួលយកនរណាម្នាក់ដែលព្យាយាមដណ្តើមការដឹកនាំ តាមរយៈការប្រើប្រាស់អាវុធនោះឡើយ ហើយអាវុធដែលត្រូវរឹបអូសបានទាំងនេះ ត្រូវបានលាក់ទុកនៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែង ។
ក្រសួងព័ត៌មានសូម៉ាលី និយាយថា ក្រុមជីវពលប្រឆាំង ត្រូវបានរំសាយអាវុធ ហើយជនស៊ីវិល បានវិលត្រឡប់ទៅរកជីវិតរស់នៅធម្មតារបស់ពួកគេវិញហើយ បើទោះបីជាអ្នកស្រុកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមយុទ្ធជនបានឈប់ប្រយុទ្ធគ្នាបែបនេះ ក្រោយការសម្រេបសម្របសម្រួលពីចាស់ទំរបស់ពួកគេ ជាជាងត្រូវបានគេរំសាយអាវុធក៏ដោយ ៕