នាវា ១គ្រឿងបានកើតមានអគ្គិភ័យ នៅម្ដុំសមុទ្រអូម៉ង់ នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយអាជ្ញាធរឥណ្ឌា បានប្រកាសនៅពេលក្រោយថា សមាជិកនាវិកជនជាតិឥណ្ឌាទាំងអស់ ២៤នាក់ នៅលើនោះ មិនមានគ្រោះថ្នាក់អ្វីឡើយ។
លោក Opesh Kumar Sharma នាយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹករបស់ប្រទេសឥណ្ឌា បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១:៣០នាទីរសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨:០០ ម៉ោងសកល) នៅលើនាវា MT Marivex។ លោកបានថ្លែងតាមរយៈបណ្ដាញសង្គម X ថា «តាមព័ត៌មានដែលមាន នាវិកឥណ្ឌាទាំងអស់មានសុវត្ថិភាពនាពេលនេះ»។
សមុទ្រអូម៉ង់ មានទីតាំងជាប់នឹងច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់ និងនៅកៀកនឹងអរិភាពដែលទើបផ្ទុះឡើងថ្មី រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ សហជីពនាវិកឥណ្ឌា បានឲ្យដឹងនៅមុននេះលើបណ្ដាញ X ថា អ្នកដើរសមុទ្រជនជាតិឥណ្ឌា ២៤នាក់ នៅលើនាវា នៅម្ដុំសមុទ្រអូម៉ង់ កំពុងស្វែងរកជំនួយបន្ទាន់។
យោងតាមសារព័ត៌មាន News18 ដោយដកស្រង់ប្រភពព័ត៌មានសមុទ្រ បានឲ្យដឹងថា នាវានោះត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារតែការវាយប្រហារដោយយានដ្រូន ឬមីស៊ីលដែលមិនត្រូវបានបញ្ជាក់ច្បាស់លាស់។ សារព័ត៌មានបានបន្ថែមថា ការផ្ទុះបានធ្វើឲ្យបន្ទប់ម៉ាស៊ីនរងខូចខាតយ៉ាងខ្លាំង។ Marivex គឺជានាវាដឹកប្រេង/គីមី ដែលធ្វើដំណើរក្រោមទង់ជាតិប្រទេស Palau៕