អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការវាយប្រហារគ្មាពេញមួយយប់ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងធ្វើឲ្យកាន់តែអាក្រក់ទៅៗចំពោះ «ដំណើរការការទូតដ៏ច្របូកច្របល់» ជាមួយសហរដ្ឋអាមេរិក ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ កំពុងផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងបរិយាកាស «មិនទុកចិត្តគ្នាខ្លាំង»។
លោក Baghaei បាននិយាយថា វិធានការរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ មិនថា ត្រូវបានអនុវត្តដោយមានការដឹង និងការយល់ព្រមពីសហរដ្ឋអាមេរិកដែរ ឬអត់នោះទេ គឺមានគោលបំណងបំផ្លាញដំណើរការការទូត។ លោកបានបន្តថា ទីក្រុងវ៉ាស៊ីនតោន ក្នុងនាមជាភាគីនៃបទឈប់បាញ់ថ្ងៃទី៨ ខែមេសា ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការរំលោភបំពានណាមួយ ក្នុងនោះរួមទាំងការវាយប្រហារដែលត្រូវបានជឿថា ធ្វើឡើងដោយអ៊ីស្រាអែល ហើយលោកបានបន្ថែមថា ពិភពលោកគួរតែបារម្ភអំពីជម្លោះក្នុងតំបន់កាន់តែរាលដាលនេះ។
លោក Baghaei បាននិយាយថា៖ «សហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះវិធានការណាមួយដែលអ៊ីស្រាអែលធ្វើឡើង ទាក់ទងនឹងការរំលោភលើសន្តិភាព និងសន្តិសុខ ក្នុងតំបន់ ប្រឆាំងនឹងអ៊ីរ៉ង់»។
លោកបាននិយាយទៀតថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តការផ្លាស់ប្តូរដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន៕