ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ៣២នាក់ បានស្លាប់ និងជាង ២០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ឆ្នេរកោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ។
ការរញ្ជួយដីនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣៧នានីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃចន្ទ បង្កឲ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ នៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន និងអូស្រ្តាលី ។ ការប្រកាសអាសន្នមួយចំនួន ត្រូវបានលុបចោលវិញ រយៈពេលប៉ុនា្មនម៉ោងក្រោយមក ។
រូបថតសន្លឹក និងរូបភាពវីដេអូឃ្លីបឃើញអគារបាក់ រួមទាំងរូបភាពវីដេអូឃ្លីបរបស់ភោជនីយដ្ឋាន Jollibee បានរាបដល់ដី ហើយបំណាក់ដី ត្រូវបានរកឃើញផងដែរនៅតាមតំបន់មួយចំនួន ។
ក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ១០០នាក់ បានរងរបួស នៅតាមខេត្តជាច្រើន ក្នុងនោះមនុស្សជាង ២០នាក់ កំពុងបាត់ខ្លួន ហើយអ្នកស្រុក ១ម៉ឺននាក់ ត្រូវបានជម្លៀសចេញជាមុន ។ ចំនួនគ្រោះថ្នាក់នេះដែរ នៅត្រូវបញ្ជាក់ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន ។
កោះ Mindanao គឺជាកោះធំបំផុតទី ២របស់ហ្វីលីពីន ទាំងទំហំ និងចំនួនប្រជាពលរដ្ឋ ហើយគឺជាខេត្តមួយ មានពលរដ្ឋរស់នៅប្រហែល ២៦លាននាក់ ៕