យោងតាមអាជ្ញាធរជប៉ុន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា រលកយក្សស៊ូណាមិបានទៅដល់កោះ Okinawa និងតំបន់ផ្សេងទៀតរបស់ប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពី រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើតមាននៅភាគខាងត្បូងហ្វីលីពីន។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រលកយក្សស៊ូណាមិកម្រិតស្រាលមួយ ត្រូវបានគេសង្កេតឃើញនៅកោះដ៏សំខាន់ Okinawa នៅវេលាម៉ោងប្រហែល ១២:១៨នាទី (ម៉ោងក្នុងស្រុក) បន្ទាប់ពីទីភ្នាក់ងារនេះបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិ សម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងកើត ខាងលិច និងខាងត្បូងរបស់ប្រទេស។
ដូចគ្នាដែរ រលកយក្សស៊ូណាមិកម្ពស់ ២០សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅឯកោះ Chichijima នៃប្រជុំកោះ Ogasawara នៅមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃភាគកណ្តាលទីក្រុងតូក្យូ នៅម៉ោងប្រហែល ១៣:៤៦នាទី ម៉ោងក្នុងស្រុក។
ទីភ្នាក់ងារនេះបានជូនដំណឹងដល់សាធារណជននៅមុននេះថា រលកយក្សស៊ូណាមិកម្ពស់រហូតដល់ ១ ម៉ែត្រ អាចទៅដល់កោះ Miyako និងកូនកោះ Yaeyama នៅឯ Okinawa និងកន្លែងផ្សេងទៀត។ សេចក្តីជូនដំណឹងនេះ ដែលគ្របដណ្តប់លើតំបន់លាតសន្ធឹងពីខេត្ត Ibaraki ជិតទីក្រុងតូក្យូ រហូតដល់ខេត្តកោះ Okinawa នៅភាគខាងត្បូងបំផុតរបស់ប្រទេសជប៉ុន ត្រូវបានដកចេញនាពេលរសៀល។
គួរបញ្ជាក់ថា បើយោងតាមស្ថាប័នស្ទាបស្ទង់ភូគពសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រញ្ជួយដី នៅថ្ងៃចន្ទនេះ បានកើតឡើងនៅចម្ងាយ ២៦គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Kablalan ក្នុងប្រទេសហ្វីលីពីន ដោយមានជម្រៅ ៥៥.២គីឡូម៉ែត្រ នៅម៉ោងប្រហែល ៧:៣៧នាទី ម៉ោងក្នុងស្រុក។ អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានបាត់បង់ជីវិត និងជាង ១៣០នាក់បានរងរបួស៕