ស្របពេលដែលប្រធានាធិបតីចិនលោក Xi Jinping ធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ភ្ញៀវទេសចរចិននៅទីក្រុងព្រំដែន Dandong បានបង្ហាញក្តីសង្ឃឹមរបស់លោកសម្រាប់ទំនាក់ទំនងចិន-កូរ៉េខាងជើងប្រកបដោយស្ថិតស្ថេរ ។
លោក Liu Guangzhong គឺជាភ្ញៀវទេសចរចិនដែលបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនចិន-កូរ៉េខាងជើង និយាយថា មិត្តភាពយូរអង្វែងរវាងប្រទេសទាំង ២ របស់ពួកយើង តែងតែខ្លាំង ។
លោកបន្តថា លោកមកពីទីក្រុង Yancheng ស្ថិតក្នុងខេត្ត Jiangsu ។ លោកធ្លាប់ធ្វើការលើគម្រោងនៅទីក្រុង Shenyang ។ វាគឺជាឱកាសដ៏ល្អមួយក្នុងការធ្វើដំណើរមកកាន់តំបន់ព្រំដែន និងសំឡឹងមើលទេសភាពនៅព្រំដែនចិន-កូរ៉េខាងជើង ជាពិសេសនៅភាគខាងកូរ៉េខាងជើង ។
លោក Guangzhong និយាយទៀតថា ពួកយើងធ្លាប់គិតថា កូរ៉េខាងជើងមិនសូវអភិវឌ្ឍនោះទេ ប៉ុន្តែការពិតនោះ បច្ចុប្បន្នពួកគេមើលទៅអភិវឌ្ឍបានច្រើនណាស់ ។
ទីក្រុង Dandong គ្រាន់តែឆ្លងទន្លេ Yalu ពីទីក្រុង Sinuiju របស់កូរ៉េខាងជើង ហើយវាគឺជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយ រវាងប្រទេសទាំង ២ ។
លោក Xi ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហាជាច្រើនជាមួយលោក Kim ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ដែលជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ទៅកាន់ប្រទេសជិតខាងរបស់ចិន ៕