ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំស្រុកប្រតិបតិ្តពោធិ៍សែនជ័យ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នឹងបើកយុទ្ធការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានដូសជំរុញ ជូនដល់សិស្សសាលាបឋមសិក្សាទូទាំងខណ្ឌពោធិ៍សែនជ័យ។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះថា ក្រុមគ្រូពេទ្យប្រចាំស្រុកប្រតិបតិ្តពោធិ៍សែនជ័យ សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំផែនការបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនសិស្សានុសិស្ស សាលាបឋមសិក្សាសាធារណៈ អាយុចាប់ពី៦ឆ្នាំ រហូដល់១២ឆ្នាំ ដែលមានចំនួនសរុប១៥សាលាបឋមសិក្សាក្នុងខណ្ឌ ដែលមានចំនួនសិស្សសរុប ២០ ៨៧៥នាក់។
យុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមសាលាបឋមសិក្សាសាធារណៈក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
ដូច្នេះសូមមាតា បិតា អាណាព្យាបាលរបស់កុមារ សិស្សានុសិស្សទាំងអស់ នាំយកបុត្រធីតារបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសូមភ្ជាប់មកជាមួយនូវឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់មាតា បិតា អាណាព្យាបាល សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន និងប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕ អត្ថបទ រដ្ឋា