អូស្ត្រាលី និងយូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងសកម្មភាពមីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ នៅតាមព្រំដែនកម្ពុជា

2026/06/09 04:11:04 pm        203

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង​ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាជនជាង ៦៤០.០០០ នាក់ ផ្លាស់ទីលំនៅ និងរំខានដល់សេវាចាំបាច់ សំខាន់ៗ នៅតាមខេត្តមួយចំនួន។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។

វិភាគទានរបស់អូស្ត្រាលីក្នុង​ទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី  ដែលផ្តល់តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) ដំណាក់កាលទី៥ នឹងគាំទ្រដល់ការរំដោះផ្ទៃដីពីគ្រាប់មីន ការអប់រំយល់ដឹងអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿង​ផ្ទុះ (EORE) និង​ជំនួយផ្នែកជីវភាពរស់នៅ ដើម្បី ផ្តល់លទ្ធភាពឱ្យជនភៀសសឹកអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព និង​គាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ការគាំទ្រនេះផ្តោតលើខេត្តចំនួនបួន ដែលរងផល​ប៉ះ​ពាល់ខ្លាំងជាងគេ ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់​ផ្ទុះដែលនៅ​សេស​សល់ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ការផ្តល់វិភាគទាននេះ នឹងគាំទ្រដោយផ្ទាល់ដល់ការរំដោះផ្ទៃដីដែលរងការគំរាមកំហែងចំនួន ៤,៤ គីឡូ​ម៉ែត្រ​ក្រឡា ផ្តល់ផលដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៩.៧០០ នាក់ និងផ្តល់ការអប់រំយល់ដឹង​អំពី​ហានិភ័យ​យុទ្ធភណ្ឌគ្រឿង​ផ្ទុះដល់សមាជិកសហគមន៍ចំនួន ១៨.០០០ នាក់។ បន្ថែមពីនេះ វិភាគទាននេះនឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ជីវភាព​រស់នៅដល់ជនភៀសសឹកចំនួន ៤០០ គ្រួសារ ដែលផ្ទះសម្បែង កសិដ្ឋាន និងអាជីវកម្ម ខ្នាតតូច​របស់​ពួកគេ​រងផលប៉ះពាល់ ដើម្បីជួយពួកគេក្នុងការស្តារប្រាក់ចំណូល និងកសាង​ជីវភាព​ឡើង​វិញ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា៖ "អូស្ត្រាលី​ គឺជាដៃគូសកម្មភាពមីនដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ជាមួយនឹងវិភាគទានថ្មីនេះ ការគាំទ្រសរុបរបស់អូស្ត្រាលីដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល នឹង​កើន​ដល់ ៤៥,៣១ លានដុល្លារអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការសង្គ្រោះជីវិត និង​ការជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ជាងបីទសវត្សរ៍មកនេះ។ ក្រោមការដឹកនាំដ៏​ឈ្លាសវៃ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងតាម​រយៈកិច្ចសហការ​យ៉ាងស្អិតរមួត​រវាងរាជរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី យូអិនឌីភី និងអាជ្ញាធរមីន ភាពជាដៃគូនេះបានកាត់បន្ថយ​ការគំរាម​កំហែង​ពី​គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រគល់ដីជូនសហគមន៍វិញ និងបង្កើតឱកាស ប្រកបរបរចិញ្ចឹមជីវិត និង​កំណើនសេដ្ឋកិច្ច។ គោលបំណងចុងក្រោយនៃសកម្មភាពមីន គឺដើម្បីប្រជាជន។ ផលវិជ្ជមានពិតប្រាកដរបស់វា មិន​ត្រូវបានវាស់វែងដោយផ្ទៃដីដែលបានបោសសម្អាតនោះទេ ប៉ុន្តែត្រូវបានវាស់វែង ដោយជីវិតដែលត្រូវបានផ្លាស់ប្តូរ តាមរយៈសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសហគមន៍កម្ពុជា"។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ "អូស្ត្រាលី​មាន​ប្រវត្តិដ៏យូរលង់ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា គួរជាទីមោទន។ ពីការគាំទ្រដែល​បាន​ផ្តល់​ក្នុងដំណើរការស្វែងរកសន្តិភាព រហូតដល់ភាពជាដៃគូប្រកបដោយចីរភាពរបស់យើងលើសកម្មភាពមីន ក្នុង​ទសវត្សរ៍​បន្តបន្ទាប់ អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាអ្នកគាំទ្រដ៏យូរអង្វែង និងអាចពឹង​ផ្អែកបាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ច​ខិតខំប្រឹងប្រែងរបស់យើង នឹងបន្តផ្តោតលើការងារក្នុងវិស័យស្តារពលកម្មកាយសម្បទា ដែលគាំទ្រ​ដល់​ប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងអ្នកនៅរស់រានមានជីវិតពីគ្រាប់មីនផងដែរ។ អូស្ត្រាលីបាន​ផ្តល់វិភាគទាន​ចុង​ក្រោយចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយផ្តោត​លើការ​គាំទ្រ​ការ​បោសសម្អាត និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារជម្លោះ​ព្រំដែន"។

លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភី បានមានប្រសាសន៍ថា៖ "យូអិនឌីភី វាយតម្លៃ​ខ្ពស់​ចំ​ពោះភាពជាដៃគូ និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អូស្ត្រាលី ចំពោះវិស័យ​សកម្មភាពមីនរបស់កម្ពុជា។ ផ្អែក​លើ​ជំនាញ និងបទពិសោធន៍សកលរបស់ យូអិនឌីភី ក្នុងវិស័យសកម្មភាពមីន និងការស្តារឡើងវិញ រួមជាមួយកិច្ចសហការដ៏ល្អអស់រយៈពេលពីរទសវត្សរ៍ជាមួយអាជ្ញាធរមីន យូអិនឌីភីនៅតែប្តេជ្ញា​គាំទ្រដល់កិច្ច​ខិតខំប្រឹងប្រែង​សកម្ម-ភាព​​មីនរបស់កម្ពុជា និងធានាថាផ្ទៃដីដែលបានបោសសម្អាត រួមចំណែក ដល់ការពង្រឹងសុវត្ថិភាព ជីវភាពរស់នៅ និងឱកាសអភិវឌ្ឍន៍កាន់តែប្រសើរសម្រាប់សហគមន៍"។

វិភាគទាននេះនឹងត្រូវបានផ្តល់ជូនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ ដែល​ជាគម្រោងពហុម្ចាស់ជំនួយ ទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អ៊ីតាលី លុចសំបួ និង​នូវែលសេឡង់ និងអនុវត្តដោយអាជ្ញាធរមីន និងយូអិនឌីភី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុង​ការដោះស្រាយបញ្ហាសំណល់ពីអតីតកាលនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងចូលរួមចំណែក​ដល់​ការស្តារឡើងវិញ ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm