សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា បានបន្ថែមក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន Alibaba ក្រុមហ៊ុនផ្តល់សេវាស្វែងរកតាមអ៊ីនធឺណិតBaidu និងក្រុមហ៊ុនផលិតរថយន្ត BYD ចូលទៅក្នុងបញ្ជីក្រុមហ៊ុនដែលខ្លួនជឿថាកំពុងផ្តល់ជំនួយដល់យោធារបស់ទីក្រុងប៉េកាំង ជាចំណាត់ការមួយដែលអាចបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរ។

ការធ្វើបច្ចុប្បន្នភាពដែលរង់ចាំជាយូរមកហើយ ជំនួសបញ្ជីកាលពីដើមឆ្នាំ២០២៥ ហើយបានកើតឡើងមិនដល់មួយខែនោះទេ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានជួបជាមួយលោក Xi Jinping ប្រធានាធិបតីរបស់ប្រទេសចិនក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជាកន្លែងដែលមេដឹកនាំទាំងពីរបានរក្សាការផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយ។

បញ្ជីនេះ បច្ចុប្បន្នរួមមានក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ប្រទេសចិនជាច្រើន ជាកម្លាំងជំរុញសមត្ថភាពយោធា និងឧស្សាហកម្មរបស់ទីក្រុងប៉េកាំង ដោយបានបង្ហាញពីការព្រួយបារម្ភអំពីសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លារវាងប្រទេសទាំងពីរ។
កាលពីខែកុម្ភៈ នៅពេលដែលដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិន បានពន្យារពេល មន្ទីរបញ្ចកោណបានបង្ហោះបញ្ជីធ្វើបច្ចុប្បន្នភាពដែលគេស្គាល់ថាជាបញ្ជី 1260H ឬ CMC ប៉ុន្តែក្រោយមកបានដកចេញវិញយ៉ាងឆាប់រហ័សដោយមានការពន្យល់តិចតួច។