យោធាកោះតៃវ៉ាន់បានប្រដូចទៅនឹងការបំផ្លាញកងកម្លាំងលុកលុយរបស់ចិនក្នុងការក្រសោបយកកោះនេះក្នុងសមយុទ្ធឆ្នេរសមុទ្រនៅថ្ងៃអង្គារ ទី៩មិថុនានេះ ដោយបាញ់រ៉ូកែត និងកាំភ្លើងធំដើម្បីបញ្ឈប់ការវាយប្រហារដោយជលជលិកយាន ដែលខ្លួនបានពិពណ៌នាថាជាសេណារីយ៉ូប្រយុទ្ធដែលប្រាកដនិយមជាងមុនជាមួយនឹងពេលវេលារៀបចំតិចជាងមុន។

សមយុទ្ធនេះត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាពីទីតាំងចំនួនប្រាំបីនៅទូទាំងឆ្នេរសមុទ្រប្រវែង ២០ គីឡូម៉ែត្រ ជុំវិញទីក្រុងតៃជុង (Taichung)នៅកណ្តាលកោះតៃវ៉ាន់។
ឆ្នេរខ្សាច់ និងដីល្បាប់រាបស្មើនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់តំបន់តៃវ៉ាន់ ដែលបែរមុខទៅប្រទេសចិនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ត្រូវបានគេមើលឃើញថាជាទីតាំងដែលទំនងជាការប៉ុនប៉ងចុះចតដោយយោធាចិនក្នុងករណីមានការចូលលុកលុយក្រសោបយកកោះនេះនៅពេលណាមួយ។

យោធាបាននិយាយថា នេះជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំដែលអាវុធ Thunderbolt-2000 បានបាញ់គ្រាប់ពិតនៅក្នុងតំបន់ប្រតិបត្តិការ ជាប្រព័ន្ធមួយដែលត្រូវបានបង្កើតឡើងសម្រាប់សមត្ថភាពនៃការបាញ់រយៈចម្ងាយឆ្ងាយ និងការចល័តខ្ពស់របស់អាវុធនេះ។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន មិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះទេ ហើយយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួនធ្វើប្រតិបត្តិការស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ៕