នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa បានអំពាវនាវឲ្យអន្តរជាតិបង្កើនសម្ពាធ ជាពិសេសពីបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីបញ្ឈប់អ្វីដែលលោកបានពិពណ៌នាថា ជាវិធានការខុសច្បាប់របស់អ៊ីស្រាអែល និងអំពើហិង្សារបស់អ្នកតាំងលំនៅឋាន។

លោក Mustafa កាលពីថ្ងៃចន្ទ បានជួបជាមួយគណៈប្រតិភូជាន់ខ្ពស់អឺរ៉ុប នៅទីក្រុងរ៉ាម៉ាឡា នៅខាងក្រៅ វេទិកាវិនិយោគ EU-ប៉ាឡេស្ទីនលើកទី៨ ។
គណៈប្រតិភូរួមមាន លោក Michael Karnitschnig អគ្គនាយកស្តីទីទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងឈូងសមុទ្រនៅគណៈកម្មការអឺរ៉ុប លោកស្រី Gelsomina Vigliotti អនុប្រធានធនាគារវិនិយោគអឺរ៉ុប តំណាងសហភាពអឺរ៉ុបប្រចាំប៉ាឡេស្ទីន លោក Alexandre Stutzmann និងមន្ត្រីអមដំណើរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការប៉ាឡេស្ទីន លោក Estephan Salameh ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។
លោក Mustafa ក៏បានជំរុញឲ្យសហភាពអឺរ៉ុបចូលរួមយ៉ាងសកម្មជាងមុន ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដំបូង ជាពិសេសដោយសារតែស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ នៅក្នុងតំបន់ហ្កាហ្សា ការរឹតបន្តឹងដែលដាក់ដោយអ៊ីស្រាអែល ការពន្យារពេលក្នុងការអនុវត្តដំណាក់កាលស្តារឡើងវិញអន្តរកាល និងការបន្តរំលោភលើការប្រកាសឈប់បាញ់៕