ភ្នំពេញ ៖ អនុប្រធានទី២ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី ឯកឧត្តម ចៅ តុល បានណែនាំឲ្យសមាជិកសមាជិបក្សឃុំព្រែកថ្មី ឬក៏អាជ្ញាធរ គប្បីយកចិត្តទុកដាក់ និងពន្លឿនការធ្វើឯកសារ នានាឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥កាន់តែខិតជិតមកដល់ហើយនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជាមួយសមាជិក-សមាជិកា ប្រជាពលរដ្ធខ្មែរឥស្លាម និងប្រជាការពារ ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ចៅ តុល បានថ្លែងថា«សមាជិក-សមាជិកាបក្សទាំងអស់ ចុះទៅតាមមូលដ្ឋាននិងពិនិត្យមើលថាតើប្រជាពលរដ្ធណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយមិនមានឯកសារ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរអស់សុពលភាព មិនទាន់ទទួលបាន បាត់ ខូច ឬកែតម្រូវ ត្រូវរៀបចំឯកសារស្នើសុំទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតនិងបំពេញការតព្វកិច្ច និងបញ្ចេញនូវឆន្ទៈរបស់ខ្លួនក្នុងការបោះឆ្នោតនាពេលខាងមុខនេះ»។
ជាមួយគ្នានោះដែរឯកឧត្តមបានរំលឹកអំពីការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំបានប្រែមុខមាត់គួរឱ្យកត់សម្គាល់។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាង ដូច្នេះបងប្អូនទាំងអស់សូមបន្តចូលរួមថែរក្សាការពារសុខសន្តិភាព និងសមិទ្ធផលដែលកម្ពុជាកំពុងតែមាននៅក្នុងពេលបច្ចុប្បន្នទាំងអស់គ្នាទៀត៕អត្ថបទ ៖ បាន ចក់








