ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ទីក្រុងតេអេរ៉ង់មើលឃើញគោលដៅរបស់ខ្លួន នៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាម និងធានាសន្តិសុខនៅមជ្ឈិមបូព៌ា ជាជាងធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោកថា៖«គោលដៅរបស់យើង គឺបញ្ចប់សង្គ្រាម និងធានាសន្តិសុខរយៈពេលវែង ជាជាងធ្វើឲ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានលក្ខណៈធម្មតាឡើងវិញ ហើយយើងមិនទុកចិត្តភាគីម្ខាងទៀតទេ»។

យោងតាមលោក Ghalibaf វាពិតជាខុសក្នុងការនិយាយថា អ៊ីរ៉ង់នឹងប្រយុទ្ធ ឬចរចានោះ។ លោកបានបន្ថែមថា៖«ផ្ទុយទៅវិញ យើងនឹងប្រយុទ្ធ នៅពេលណាមួយ ហើយចរចា នៅពេលផ្សេងទៀត»។
លោកបានបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះការកើនឡើងភាពតានតឹងចុងក្រោយនេះ។ លោកបានកត់សម្គាល់ថា៖«សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកអំពីអនុស្សរណៈនេះ ផ្ទុយនឹងផ្នែកដែលបានឯកភាពគ្នានៃកិច្ចព្រមព្រៀងនេះ ដែលបានបង្ហាញថា ពួកគេមិនចង់បានបទឈប់បាញ់ ឬការសន្ទនាទេ។ ហើយយើងត្រូវបានបង្ខំឲ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់»៕