កាលពីថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំឲ្យបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀតជាមួយប្រទេសអ៊ីរ៉ង់។
លោក Trump ត្រូវបានដកស្រង់សម្តីដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយថា៖ «ខ្ញុំបាននិយាយថា Bibi (លោក Netanyahu) អ្នកគួរតែប្រយ័ត្នប្រយែងបន្តិច បើមិនដូច្នោះទេ អ្នកនឹងត្រូវទទួលខុសត្រូវរាល់ផលវិបាកតែម្នាក់ឯងឆាប់ៗជាមិនខាន»។

លោក Trump ដែលមានការខឹងសម្បាកាន់តែខ្លាំងឡើងជាមួយលោក Netanyahu នៅមុននេះបានជំរុញឲ្យទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលបញ្ឈប់ «ការវាយប្រហារគ្នា» ហើយបាននិយាយថា «ការចរចាចុងក្រោយ» ឆ្ពោះទៅរកសន្តិភាព នឹងបន្តដំណើរការ «ប្រសិបបើមិនមានទង្វើមិនចេះគិតពិចារណា ឬល្ងង់ខ្លៅ ដែលនឹងកា្លយជាឧបសគ្គរារាំងទេនោះ»។ តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា លោកបានប្រាប់លោក Trump ថា «អ៊ីស្រាអែលមានសិទ្ធិពេញលេញក្នុងការការពារខ្លួន ហើយយើងកំពុងអនុវត្តវាតាមអ្វីដែលត្រូវការចាំបាច់»”។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Trump ត្រូវបានគេសួរថា តើលោកបានហៅមេដឹកនាំអ៊ីស្រាអែលរូបនេះថា «បាត់បង់សតិ» ហើយបានចោទប្រកាន់រូបគាត់ថា មិនដឹងគុណដែរ ឬទេ។ លោក Trump បានប្រាប់កម្មវិធីផតខាស «Pod Force One» ថា៖ «ខ្ញុំបាននិយាយ។ ខ្ញុំមិនបាននិយាយដោយសារកំហឹងនោះទេ។ ខ្ញុំគ្រាន់តែអត់សប្បាយចិត្ត ចំពោះការប្រយុទ្ធឥតឈប់ឈររបស់គាត់ជាមួយលីបង់ប៉ុណ្ណោះ»។
យ៉ាងណាក្ដី អ៊ីរ៉ង់ និងអ៊ីស្រាអែល បានឲ្យដឹងថា ភាគីទាំង២ បានផ្អាកការវាយប្រហារគ្នា ក្រោយមានការអំពាវនាវពីមេដឹកនាំអាមេរិក តែក្រុងតេអេរ៉ង់ បានព្រមានថា ខ្លួននឹងបន្តអរិភាព ប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅលីបង់៕

