ប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេសអ៊ីរ៉ង់នឹងយកឈ្នះលើការហ៊ុមព័ទ្ធផ្លូវទឹករបស់សហរដ្ឋអាមេរិក ចំពោះកំពង់ផែរបស់ខ្លួន ខណៈពេលដែលចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ការរឹតបន្តឹងផ្លូវសមុទ្រជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយប្រឆាំងនឹងក្រុងតេអេរ៉ង់ និងភ្ជាប់វិធានការទាំងនេះទៅនឹងការកើនឡើងភាពតានតឹងចុងក្រោយបំផុត នៅក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានដកស្រង់សម្តីរបស់លោក Ghalibaf ដែលបាននិយាយថា៖ «យើងនឹងប្រែក្លាយការបិទខ្ទប់ផ្លូវទឹកនេះ ដែលជាឧក្រិដ្ឋកម្មសង្គ្រាម និងជាផ្នែកមួយនៃការឃុបឃិតរបស់សត្រូវ ឲ្យទៅជាការបរាជ័យមួយទៀត សម្រាប់ពួកគេ តាមរយៈការរៀបចំផែនការគ្រប់ជ្រុងជ្រោយ»។
ការកត់សម្គាល់របស់លោកបែបនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយព្រឹកថ្ងៃនោះថា ការដាក់ផ្លូវទឹកឲ្យស្ថិតនៅក្នុងការហ៊ុមព័ទ្ធនេះ ដែលត្រូវបានចេញកាលពីខែមេសា នឹងនៅតែមានសុពលភាព រហូតដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ត្រូវបានឈានដល់ រវាងភាគីទាំង២។
លោក Trump ថ្មីៗនេះបានអះអាងថា ការរឹតបន្តឹងនេះ បានផ្តល់ឲ្យទីក្រុងវ៉ាស៊ីនតោននូវការមានប្រៀបកាន់តែខ្លាំងឡើង លើអ៊ីរ៉ង់ ជាងការចាត់វិធានការយោធា។ តែយ៉ាងណាក្ដី លោក Ghalibaf បានពិពណ៌នាអំពីការបិទខ្ទប់នេះថា ជាការរំលោភលើបទឈប់បាញ់បណ្តោះអាសន្ន និងបានបង្ហាញពីកង្វះទំនុកចិត្ត លើភាគីអាមេរិក។
លោក Ghalibaf បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវតែបន្តទាំងប្រតិបត្តិការយោធា និងការទូត ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន៕


