ប្រធានាធិបតីបូលីវី កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា បានចុះហត្ថលេខាឲ្យចូលជាច្បាប់នូវសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋក្នុងគ្រាអាសន្ន ជាវិធានការមួយដែលលោកបានគាំទ្របន្ទាប់ពីការតវ៉ារយៈពេលជាងមួយខែ ខណៈក្រុមបាតុករបានទាមទារឱ្យលោកលាលែងពីតំណែង ក្នុងពេលប្រទេសកំពុងប្រឈមនឹងវិបត្តិនយោបាយ និងសង្គមធ្ងន់ធ្ងរ។
ច្បាប់នេះ ផ្តល់ឱ្យរដ្ឋាភិបាលនូវក្របខ័ណ្ឌច្បាប់ដើម្បីដាក់វិធានការវិសាមញ្ញក្នុងអំឡុងពេលជម្លោះផ្ទៃក្នុង គ្រោះមហន្តរាយធម្មជាតិ ឬការគំរាមកំហែងដល់សន្តិសុខរដ្ឋ ទោះបីជាវាមិនបង្កឱ្យមានស្ថានភាពរដ្ឋក្នុងគ្រាអាសន្នភ្លាមៗក៏ដោយ។ សេចក្តីស្នើច្បាប់ ត្រូវបានអនុម័តកាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ដោយសភាជាន់ទាបបន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភា។
ទិដ្ឋភាពសំខាន់បំផុតមួយនៃច្បាប់នេះគឺ វាគ្រប់គ្រងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធក្នុងស្ថានភាពវឹកវរផ្ទៃក្នុង ដែលអនុញ្ញាតឱ្យពួកគេជួយដល់នគរបាលបូលីវីនៅពេលដែលមានសម្ពាធ ព្រមទាំងការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធានាចំពោះច្រករបៀងមនុស្សធម៌ និងការពារការផ្គត់ផ្គង់ទំនិញជាមូលដ្ឋាន។
ប្រទេសបូលីវី បានប្រឈមទៅនឹងការបិទផ្លូវ និងការតវ៉ារយៈពេលជាច្រើនសប្តាហ៍ ជំរុញដោយសហជីព និងអ្នកគាំទ្រអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales ដែលកំពុងទាមទារឱ្យលោក Paz លាលែងពីតំណែង និងការកែប្រែវិធានការរឹតត្បិតថវិកា។ ភាពវឹកវរនេះ បានបណ្តាលឱ្យមានការខ្វះស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈវេជ្ជសាស្ត្រនៅក្នុងទីក្រុង La Paz និងទីក្រុង El Alto ជាកន្លែងដែលមនុស្សប្រហែល២លាននាក់រស់នៅ។

